គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។

កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា នេះថាផែកការមេនេះមានសារសំខាន់ណាស់សម្រាប់ចង្អុលបង្ហាញពីអភិវឌ្ឍនានានៅក្នុងខេត្ត ហើយលទ្ធផលកិច្ចប្រជុំគឺគ្រោងនឹងបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច នៅពេលឆាប់ៗខាងមុខនេះ។

លោក ថ្លែងថា៖ «ទាក់ទងនឹងផែនការមេ មិនទាន់អាចជម្រាបជូន ឲ្យបានល្អិតល្អិននៅឡើយទេ ដោយសារ នេះគ្រាន់តែជាកិច្ចប្រជុំរបស់គណកម្មការអន្តរក្រសួង។ ដូច្នោះចាំរាជរដ្ឋាភិបាលសម្រេចសិន បន្ទាប់ពីយើងដាក់ជូនរដ្ឋាភិបាល លោកប្រជុំ ពិនិត្យសម្រេចហើយ ទើបអាចពន្យល់ឲ្យបានច្បាស់លាស់»។

ទាក់ទិននឹងការអភិវឌ្ឍន៍ខេត្តនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ ២០១៩ ក៏បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ផងដែរ។ (អានបន្ថែម)

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងសិក្សា គម្រោងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបប្រវែង ៩៨គ.ម ក្នុងក្រុងសៀមរាបផងដែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណភាពទីក្រុងសៀមរាប ព្រមទាំងតភ្ជាប់ក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុងផងដែរ។ (អានបន្ថែម)

- Video Advertisement -