ព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩
ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលដោយកូវីដ១៩។
វត្តមានសម្តេចនៅការដ្ឋានព្រលានយន្តហោះ បានធ្វើឱ្យបច្ចុប្បន្នភាពនៃដំណើរការសាងសង់ព្រលានយន្តថ្មីនេះ ដែលអ្នកខ្លះនៅតែមន្ទិលសង្ស័យថា ឮតែធ្វើៗ តែមិនដឹងហើយពេលណា និងមានខ្លះទៀតថា ប្រហែលជាផ្អាកបាត់ហើយ ដោយសារឥទ្ធិពលកូវីដ ១៩ នោះ ឱ្យឃើញច្បាស់ទាំងអស់គ្នាថា សំណង់ដ៏សំខាន់មួយនេះ មិនត្រឹមតែមិនផ្អាកដោយសារកូវីដ១៩ទេ តែស្ងាត់ៗបែរជាសង់សម្រេចបាន ៣០% រួចទៅហើយ។

បើតាមរបាយការណ៍ពីក្រុមហ៊ុន OCIC គម្រោងសាងសង់មាន ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលនឹងបង្ហើយផ្នែកសំខាន់ៗនៃព្រលាន ដើម្បីអាចទទួលភ្ញៀវទេសចរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំៗ ឱ្យទាន់សម្រាប់ដាក់ឱ្យប្រើប្រាស់ឆ្នាំ ២០២៣ នេះ នឹងចាយថវិកាសាងសង់ចំនួន ១,៥ លានដុល្លារ។ សម្រាប់ដំណាក់កាលទី ២ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០៣០ ដែលគ្រោងនឹងពង្រីកវិសាលភាពសំណង់ សម្រាប់ទទួលបានភ្ញៀវទេសចរ ប្រមាណ ៣០ លាននាក់។ និងដំណាក់កាលទី ៣ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០៥០ ដែលមានវិសាលភាពសំណង់ រំពឹងថានឹងអាចទទួលភ្ញៀវបានប្រមាណ ៥០ លាននាក់ក្នុងមួយឆ្នាំៗ។

ដំណាក់កាលទី១ ជាដំណាក់កាលសំខាន់ ព្រោះនឹងត្រូវបញ្ចប់ឱ្យទាន់ប្រើនៅឆ្នាំ ២០២៣ នេះវិញ ក្នុងនោះមានផ្នែកសំខាន់ៗដែលត្រូវសម្រេចមានដូចជា៖
(១) ការងារសាងសង់ស្ថានីយអ្នកដំណើរ (Passenger Terminal)៖ មានការសាងសង់អគារកណ្ដាល (Head House) មានកម្ពស់សរុប ៤៥ ម៉ែត្រ ៥ជាន់ និងមានជាន់ក្រោមដីមួយជាន់ ដែលមានផ្ទៃក្រឡាសរុប ២៤៣.០០០ ម៉ែត្រការ៉េ
(២) ការងារសាងសង់ផ្លូវរត់យន្តហោះ (Runway) មានចំនួន ១ ខ្សែប្រវែង ៤.០០០ ម៉ែត្រ ទទឹង ៦០ម៉ែត្រ
(៣) ការងារសាងសង់ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស (Control Tower)
(៤) ការងារសាងសង់អគារ និងទីតាំងផ្សេងៗចំនួន ៤៦អគារ សំរាប់បម្រើប្រតិបត្តិការរបស់ព្រលានយន្តហោះ។
រហូតមកដល់ពេលនេះ ការងារទាំងនេះសម្រេចបាន ៥% ហើយគ្រោងនឹងបង្ហើយឱ្យរួចរាល់ត្រឹមឆ្នាំ ២០២២។ ដោយឡែកសម្រាប់ការងារខួងគ្រឹះនៃព្រលានយន្តហោះ សម្រេចបាន ៩៥% ហើយ។

ថែមលើលទ្ធផលខាងលើ រហូតមកដល់ពេលនេះ តំបន់ហោះហើរសម្រាប់យន្តហោះ ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន AVIC (ក្រុមហ៊ុនចិន)នោះ គឺបញ្ចប់នៅខែ មិថុនា ហើយការងារដេញថ្លៃនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំនេះតែម្តង។
ពាក់ព័ន្ធនឹងខ្ទង់ចំណាយលើការសាងសង់វិញ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា ៖ «រហូតមកដល់ពេលនេះយើងបានចំណាយទឹកប្រាក់ចំនួន១២០ លានដុល្លារ ក្នុងការប្រឹក្សាយោបល់ផ្នែករចនាគូរប្លង់ ការខួងគ្រឹះ ការងារចាក់ដី បង្ហាប់ដី និងកែគុណភាពដី។ តាមផែនការ ការចំណាយលើគម្រោងសាងសង់នឹងត្រូវការទឹកប្រាក់ចំនួន ២០៨ លានដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២០ នេះ គឺស្មើនឹង ១,១៥ លានដុល្លារអាមេរិក ក្នុងមួយថ្ងៃ។»
អ្នកឧកញ៉ាបានបញ្ជាក់ថា ការចំណាយបច្ចុប្បន្នគឺពឹងផ្អែកលើមូលនិធិក្នុងស្រុក ដោយសារមូលនិធិឥណទានបរទេសនឹងមិនអាចរកបានភ្លាមៗទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន OCIC នឹងប្រឹងប្រែងអស់ពីលទ្ធភាព មិនឲ្យមានការរាំងស្ទះក្នុងកិច្ចការកសាងនេះឡើយ។

ក្រៅពីសមិទ្ធផលទាំងនេះ អ្វីដែលគេមិនសរសើរមិនបាននោះ គឺយុទ្ធសាស្ត្រដោះស្រាយវិបត្តិរបស់សម្តេច ក្នុងការផ្សារភ្ជាប់បញ្ហានិកម្មភាពក្រោយកូវីដ១៩ ជាមួយនឹងតម្រូវការពលកម្មសម្រាប់ដំណើរការមហាសំណង់ដ៏ធំមួយនេះ។ ដោយសារកូវីដ១៩ អត្រាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដល់ជិតដកពីរ (-១.៩) ភាគរយ ហើយអត្រាគ្មានការងារធ្វើត្រូវបានធនាគារពិភពលោកប៉ាន់ប្រមាណថា កើនឡើង ដែលមនុស្សប្រមាណ ១,៧៦ លាននាក់ បាត់បង់ការងារធ្វើ។
ចំពោះមុខស្ថានភាពបន្ទាន់នេះ ដំណើរការសាងសង់ព្រលានយន្តហោះថ្មីនេះ អាចស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន ដែលនឹងអាចជួយសម្រាលយ៉ាងច្រើនដល់វិបត្តិសេដ្ឋកិច្ចជាតិ និងបន្ទុករដ្ឋាភិបាល។
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុបនិង OCIC បានថ្លែងក្នុងថ្ងៃដដែលនេះថា៖ «តាមការប៉ាន់ស្មាន នៅរយៈពេលការងារសម្រុកខ្លាំង កម្លាំងពលកម្មនឹងកើនទៅដល់ ២ម៉ឺននាក់ក្នុងមួយថ្ងៃ។»
បើតាមអ្នកឧកញ៉ា សព្វថ្ងៃក្នុងគម្រោងអាកាសយានដ្ឋានថ្មីនេះ មានកម្លាំងពលកម្ម ១.១០២នាក់ ក្នុងនោះមានកម្លាំងពលកម្មបរទេស ២៨៣ នាក់។គម្រោងនេះមានវិស្វករបរទេសចំនួន ៩៥នាក់ និងវិស្វករខ្មែរចំនួន១១០នាក់។
មិនត្រឹមតែដោះទាល់វិបត្តិនិកម្មភាពក្រោយកូវីដទេ ការទាញយកកម្លាំងពលកម្មក្នុងការសាងសង់ព្រលានយន្តហោះ ថែមទាំងបានចូលរួមកសាងសមត្ថភាព និងធនធានមនុស្សខ្មែរផងដែរ។
«យើងខ្ញុំសង្ឃឹមថា ឆ្លងតាមការសាងសង់អាកាសយានដ្ឋានថ្មីនេះនឹងអាចបណ្តុះបណ្តាលអ្នកបច្ចេកទេស និងវិស្វករខ្មែរឱ្យបានច្រើនតាមរយៈគម្រោងនេះ និងផ្តល់កម្លាំងបន្ថែមសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេលអនាគត» នេះបើប្រសាសន៍អ្នកឧកញ៉ាបានបន្ថែម។
ក្នុងន័យនេះ ការស្ថាបនាព្រលានយន្តហោះ ចំពេលនេះ គឺជាពេលល្អបំផុតព្រោះព្រលានយន្តហោះនេះ ពាំយកនូវអត្ថប្រយោជន៍មហាសាលហួសពីគ្រោងសំណង់ដែលកំពុងស្ថាបនាឡើង។ សម្ដេចបានលើកឡើងអំពីមូលហេតុនៅតែបន្តការសាងសង់ព្រលានយន្តក្នុងវិបត្តិកូវីដ បើទោះជាវិស័យអាកាសចរត្រូវបានធ្លាក់ចុះក៏ដោយ។

«កូវីដមិនអាចរំលាយភពផែនដីយើងនោះទេ វាគ្រាន់តែជាពេលវេលាមួយនៅពេលដែលអ្នកវិទ្យាសាស្ត្ររកឃើញវ៉ាក់សាក់ហើយនោះ គឺការអភិវឌ្ឍន៍នឹងវិលមករកភាពប្រក្រតីវិញ គ្រាន់តែភាពប្រក្រតីនោះនឹងស្ថិតតាមគន្លងថ្មីរបៀបថ្មី។»
សម្ដេចតេជោ មានប្រសាសន៍ថា «ព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញថ្មីដែលធ្វើឱ្យយើងអាចមើលឃើញអំពីចក្ខុវិស័យសម្រាប់ឆ្នាំ ២០៥០ ដែលជាដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍព្រលានយន្ដហោះនេះ។ ពេលនោះ
«មិនប្រាកដថា តើមនុស្សប៉ុន្មាននាក់? ដែលកំពុងនៅទីនេះអាចរស់នៅដល់ ឆ្នាំ២០៥០។ ប៉ុន្ដែយ៉ាងហោចណាស់ ឆ្នាំ២០២៣ គឺយើងនឹងរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រលានយន្ដហោះនេះ ដែលអាចមានសមត្ថភាពទទួលអ្នកដំណើរ ១៣លាន នាក់»។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តម្លៃប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក។ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក ដែលបានរចនាអាកាសយានដ្ឋាននេះឡើងជាលំដាប់ថ្នាក់ 4F និងជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន៕





