ព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់សាងសង់នៅឆ្នាំ ២០២២

គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងដ៏ធំមួយនេះ។

ថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹង ការសិក្សាគម្រោងអាចនឹងបញ្ចប់នៅក្នុងខែកុម្ភៈ នេះ ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលសម្រេចក្នុងពេលឆាប់ៗ។

«គម្រោងនេះ បានជ្រើសរើសអ្នកវិនិយោគរួចហើយ និងបានផ្ដល់សិទ្ធិទៅឱ្យក្រុមហ៊ុន China Power International Group ជាអ្នកអភិវឌ្ឍក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ» ឯកឧត្តម បានបន្ត។ (អានបន្ថែម)

ឯកឧត្តម បានបន្ថែមទៀតថា អ្វីដែលយើងធ្វើឥឡូវនេះ គឺអនុម័តការសិក្សា និងការកំណត់កាតព្វកិច្ច រវាងភាគីរដ្ឋ និងឯកជន ឱ្យបានលម្អិតនិងគ្រប់ជ្រុងជ្រោយសិន មុននឹងដាក់ក្នុងកិច្ចព្រមព្រៀងសម្បទាន ដែលត្រូវការពេលប្រហែលជាជិត១ឆ្នាំទៀត ទើបអាចចាប់ផ្ដើមបាន។

ទាក់ទិននឹងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ សម្តេចនាយករដ្ឋមន្ត្រីតេជោ កាលពីថ្ងៃទី ១០ កុម្ភៈ កន្លងនេះ ក៏បានបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងនេះ ឱ្យបានកាន់តែរលូន និងលឿនជាងមុន។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្ថាន អាចនឹងវិនិយោគប្រមាណ ជាង៦០លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]