ក្រសួងរៀបចំដែនដីប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុនបានប្រាប់ឲ្យម្ចាស់សំណង់ទាំងអស់ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់នៅតាមគម្រោងរបស់ខ្លួន។ វិធានការនេះ ធ្វើឡើងដើម្បីធានាគុណភាព សោភ័ណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
យោងតាមលិខិតចុះថ្ងៃទី ០៨ ខែ សីហា ក្រសួងបានស្នើឲ្យរដ្ឋបាលរាជធានី ខេត្តធ្វើការណែនាំដល់ម្ចាស់សំណង់ទាំងអស់ឲ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ស្របច្បាប់ ឬវិស្វករ ស្ថាបត្យករស្របច្បាប់នៅគ្រប់ការដ្ឋានសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ជាងនេះទៀត ម្ចាស់សំណង់ទាំងនោះ ត្រូវតម្កល់លិខិតអនុញ្ញាតសាងសង់ភ្ជាប់ជាមួយប្លង់ស្ថាបត្យកម្ម លិខិតអនុញ្ញាតបើកការដ្ឋាន និងឯកសារពាក់ព័ន្ធផ្សេងទៀត នៅក្នុងការដ្ឋានសាងសង់។
ម៉្យាងវិញទៀត ការដ្ឋានសំណង់ក៏ត្រូវមាន ផ្ទាំងគំនូរសំណង់ ដែលមានព័ត៌មានដូចជា ឈ្មោះគម្រោងសាងសង់ ឈ្មោះក្រុមហ៊ុនទទួលសាងសង់ ឈ្មោះម្ចាស់សំណង់ឈ្មោះស្ថាបត្យករនិងវិស្វករ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន អាសយដ្ឋានទីតាំងសាងសង់ និងលេខទូរស័ព្ទទំនាក់ទំនង បិទនៅពីមុខការដ្ឋានសាងសង់។
រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវិធានការផ្អាកការដ្ឋានជាបណ្តោះអាសន្នរហូតដល់ម្ចាស់សំណង់បានបំពេញលក្ខខណ្ឌខាងលើនេះ។
ថ្មីៗនេះដែរ ក្រសួងក៏បានចេញប្រកាសក្នុងគោលបំណងដើម្បីគ្រប់គ្រងការអភិវឌ្ឍន៍អចលនវត្ថុឱ្យមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបរិស្ថានសម្រាប់ការរស់នៅតាមរយៈការបង្ការ និងទប់ស្កាត់អំពើល្មើស និងបទប្បញ្ញត្តិស្តីពីនគរូបនីយកម្មនិងសំណង់។ (អានបន្ថែម)

