ក្រុមហ៊ុនជប៉ុននឹងដំឡើងអំពូល LED ជាង៧ពាន់បង្គោលក្នុងខេត្តធំៗនៅកម្ពុជា
ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចដ៏ធំមួយរបស់ជប៉ុន MinebeaMitsumi នឹងដំឡើងអំពូល LED ដែលជាប្រភេទអំពូលសន្សំសំចៃចរន្តអគ្គិសនី ប្រមាណជាង៧ពាន់បង្គោល ដើម្បីបម្រើដល់ផែនការបង្កើតទីក្រុងឆ្លាតវៃនៅកម្ពុជា ។
ផែនការនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបរវាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន MinebeaMitsumi កាលពីថ្ងៃទី ២០ ខែ សីហា ស្តីអំពីរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមហ៊ុនលើការងារផ្នែកទីក្រុងឆ្លាតវៃ។
លោក Yoshihisa Kainuma បានបញ្ជាក់ថា ក្រុមហ៊ុន បាននិងកំពុងផលិតផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ផ្តល់គុណប្រយោជន៍ដល់បរិស្ថាន ដែលក្នុងនោះ ក្រុមហ៊ុនក៏បាននិងកំពុងត្រៀមដំឡើងអំពូល LED ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាខេត្ត ត្រូវបានជ្រើសរើសជាបណ្តាញទីក្រុងឆ្លាតវៃក្នុងតំបន់អាស៊ាន ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន។
គម្រោងទីក្រុងឆ្លាតវៃនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយល់ព្រមជាគោលការណ៍ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃ អាស៊ាន-ជប៉ុន កាលពីពេលថ្មីៗនេះ។ (អានបន្ថែម)
តាមការបញ្ជាក់ដដែលរបស់លោក Yoshihisa Kainuma នៅលើទំព័រហ៊្វេសប៊ុករបស់ក្រសួងបរិស្ថាន អំពូល LED ចំនួន ៧ ៣៥៩ បង្គោលដែលបម្រើឲ្យទម្រង់នៃទីក្រុងឆ្លាតវៃនឹងត្រូវដាក់ប្រតិបត្តិការនៅឆ្នាំនេះ ដែលក្នុងនោះ ក្រុមហ៊ុនបានដំឡើងអំពូលបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅឯខេត្តសៀមរាប ក្រុមហ៊ុននឹងដំឡើងបន្ថែមចំនួន ៥០០ ទៀត ហើយគម្រោងនេះ ក៏នឹងអាចបន្តអនុវត្តនៅខេត្តព្រះសីហនុផងដែរ។
ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍ចំពោះវឌ្ឍនភាពការងារខាងលើនេះ ដោយបានលើកឡើងថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលដែលប្រើប្រាស់ភ្លើងតិច មិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឲ្យទីក្រុងមានផាសុខភាពក្នុងការរស់នៅ។
ក្រៅពីគាំទ្រគម្រោងខាងលើ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន MinebeaMitsumi បង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថាននេះដល់ម្ចាស់បុរី និងម្ចាស់សំណង់នានា។





- Video Advertisement -