គម្រោងតម្លៃជាង ១៧លានដុល្លារដែលបានអនុម័តនឹងត្រៀមខ្លួនបំរើឧស្សាហកម្មសំណង់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC កាលពីថ្ងៃទី ២ ខែ កញ្ញា បានអនុម័តគម្រោងរោងចក្រតម្លៃជាង ១៧ លានដុល្លារអាមេរិក ដែលគម្រោងទាំងនេះ នឹងត្រៀមខ្លួនដើម្បីបំរើដល់ឧស្សាហកម្មសំណង់ ស្របពេលដែលសន្ទុះនៃការវិនិយោគនៅតែបន្ត។

តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ CDC គម្រោងវិនិយោគខាងលើ គឺមានចំនួន៥ ស្ថិតក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារអាមេរិក។

ការលេចឡើងនៃគម្រោងវិនិយោគខាងលើនេះ គឺស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាការណ៍ថា ក្នុងឆ្នាំ ២០១៩ នេះ អនុវិស័យឧស្សាហកម្ម ដូចជាម្ហូបអាហារ និងភេសជ្ជៈ ឧស្សាហកម្មដំឡើងយានយន្ត គ្រឿងបង្ខំអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម នឹងមានសន្ទុះកំណើនខ្ពស់ ទាំងការពង្រីក ការវិនិយោគដែលមានស្រាប់ និងការវិនិយោគថ្មី។

ក្នុងនោះ ក្រុមហ៊ុន Meko Lighting (Cambodia) Co.,Ltd នឹងធ្វើការបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។

ចំណែកឯក្រុមហ៊ុន Silver Beauty (Cambodia) Electronic And Lighting Co.,Ltd, ក៏នឹងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលត្បែង ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង។

ក្រុមហ៊ុន Sine Plastic (Cambodia) Industry Co.,Ltd, ឯណោះវិញ នឹងធ្វើការបង្កើតរោងចក្រផលិតបំពង់ទឹកជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hong Chhing (Cambodia) Industry Development Co.,Ltd, បង្កើតរោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។

សម្រាប់ក្រុមហ៊ុន Mikol Stone Co.,Ltd គឺនឹងបង្កើតរោងចក្រកែច្នៃថ្មម៉ាបផលិតជាគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។

ក្រៅពីអនុម័តគម្រោងបង្កើតរោងចក្រសម្រាប់បំរើឧស្សាហកម្មសំណង់ទាំងនេះ CDC ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន Zheng Heng (Cambodia) Co.,Ltd អភិវឌ្ឍមជ្ឈមណ្ឌលទេសចរណ៍ «តារាសាគរ ឈូងសមុទ្រវែង» រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ២៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១១៦កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]