ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងបង្កើតឲ្យមានផ្លូវថ្មើរជើង Walk Street តាមដងទន្លេចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងបើកឲ្យអាជីវករតាំងលក់ផលិតផលគ្រប់ប្រភេទ ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់សាលាក្រុងរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៦ ខែ កញ្ញា ថា គម្រោងនេះ គឺនឹងបើកឲ្យអាជីវករធ្វើការតាំងលក់ផលិតផលគ្រប់ប្រភេទ។
លោកថ្លែងថា៖ «គោលដៅដែលយើងគ្រោងធ្វើ Walk Street គឺយើងគ្រោងឲ្យមានការតាំងលក់ទំនិញ លក់ម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ លក់ផលិតផលធ្វើពីដៃ យកផលិតផលខ្មែរយើងផ្សេងៗទាំងអស់ដែលជាតម្រូវការរបស់ភ្ញៀវទេសចរណ៍»។
តាមការបញ្ជាក់របស់ លោក ម៉េត មាសភក្តី ការបង្កើត Walk Street នេះឡើង គឺដើម្បីជំរុញវិស័យទេសចរណ៍ ជាពិសេស ក្នុងរាជធានីភ្នំពេញ ដោយបង្កើនទីតាំងសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលបានមកកំសាន្តនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា គម្រោង Walk Street ត្រូវបានពិភាក្សាកាលពីថ្ងៃទី ០៥ ខែ កញ្ញា កន្លងទៅនេះ នៅឯសាលាក្រុងរាជធានីភ្នំពេញ។ (អានបន្ថែម)
ក្នុងនោះដែរ លោក ម៉េត មាសភក្តី បញ្ជាក់ថា៖ «ឥឡូវគឺស្ថិតនៅក្នុងដំណាក់កាលដែលយើងសិក្សា យើងនឹងបង្កើតជាយន្តការរបស់យើង យើងបង្កើតក្រុមការងាររបស់យើងជាពីរផ្នែក។ ផ្នែកទីមួយគឺសិក្សាបច្ចេកទេស ផ្នែកមួយទៀត គឺសិក្សាអំពីសណ្តាប់ធ្នាប់ ឬ ផលប៉ះពាល់ផ្សេងៗនៅក្នុងការអនុវត្តគម្រោងនេះ»។
លោក ម៉េត មាសភក្តី បញ្ជាក់ទៀតថា Walk Street គឺអាចមានជម្រើសផ្សេងៗគ្នាក្នុងការដាក់ឲ្យដំណើរការ អាស្រ័យទៅលើលទ្ធផលនៃការសិក្សារបស់ក្រុមការងារ។
លោកថ្លែងថា៖ «វាអាចមានជម្រើសផ្សេងៗ យើងធ្វើ៧ថ្ងៃក្នុងមួយសប្តាហ៍តែម្តង ឬក៏យើងធ្វើតែថ្ងៃចុងសប្តាហ៍ ឬក៏យើងធ្វើតែម៉ោងណាមួយនៅក្នុងថ្ងៃណាមួយសម្រាប់ Walk street ក្រៅពីនឹងអាចឲ្យមានចរាចរណ៍ធម្មតាសម្រាប់យាន្តជំនិះ» ។