ពិព័រណ៍សំណង់ធំជាងគេប្រចាំឆ្នាំនឹងប្រព្រឹត្តិឡើងនៅដើមខែធ្នូឆ្នាំ២០១៩

ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជា ដែលបង្ហាញអំពីផលិតផលរាប់ពាន់ប្រភេទ ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ ២០១៩ នឹងបង្ហាញផលិតផល និងសេវាកម្មពីក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រងជាដើម។ ផលិតផលដែលដាក់តាំងបង្ហាញរួមមាន សម្ភារសំណង់ និងតុបតែង គ្រឿងអគ្គីសនី ប្រព័ន្ធទឹក គ្រឿងចក្រ និងម៉ាញ៉េទិចក៏ដូចជាគ្រោងដែក។

ក្រៅពីមានការដាក់បង្ហាញផលិតផលដោយក្រុមហ៊ុនតាំងពិព័រណ៍នោះ ពិព័រណ៍រយៈពេលបីថ្ងៃនេះក៏នឹងមានកម្មវិធីធុរកិច្ចដែលធ្វើឡើងក្នុងថ្ងៃទី២នៃកម្មវិធីទាំងមូល។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ អ្នកចាត់ការទូទៅនៃអគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា ការតាំងពិព័រណ៍ឆ្នាំនេះរំពឹងថានឹងកាន់តែធំនិងកាន់តែប្រសើរឡើងជាងមុន ដោយមានអ្នកតាំងពិព័រណ៍ជាច្រើនបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការបង្ហាញផលិតផលនិងសេវាកម្មរបស់ពួកគេ។

តាមការបញ្ជាក់របស់លោក ជីវ ស៊ីវផេង ស្តង់ពិព័រណ៍ប្រមាណជា៧០ ភាគរយនៃស្តង់ពិព័រណ៍សរុបគឺត្រូវបានក្រុមហ៊ុននានាធ្វើការកក់ទុក ដែលក្នុងនោះ ការចូលរួមតាំងពិព័រណ៍ដោយក្រុមហ៊ុនចិនគឺមានការកើនឡើងបើធៀបទៅនឹងការតាំងពិព័រណ៍ក្នុងឆ្នាំ ២០១៨។

ក្នុងឆ្នាំ ២០១៨ ពិព័រណ៍ឧស្សាហកម្មសំណង់បានទាក់ទាញក្រុមហ៊ុនចំនួន ១៨៦ ដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ដើម្បីតាំងបង្ហាញផលិតផលរបស់ខ្លួនសរុបចំនួនរហូតដល់ទៅ ៣១០ ស្តង់ពិព័រណ៍។ លើសពីនេះទៀត ពិព័រណ៍នេះបានបង្ហាញផលិតផលជាង ៦០០ ប្រភេទ ដែលផលិតក្នុងស្រុក និងនាំចូលពីប្រទេសជាច្រើននៅទូទាំងពិភពលោក។

សម្រាប់ឆ្នាំ ២០១៩ នេះ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជារំពឹងថានឹងមានអ្នកចូលទស្សនាប្រមាណជា ១០ ០០០ នាក់សម្រាប់រយៈពេលបីថ្ងៃនៃកម្មវិធី។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការកក់ស្តង់ពិព័រណ៍ សូមទាក់ទងតំណាងលក់របស់សមាគមអ្នកសាងសង់កម្ពុជា តាមរយៈលេខទូរសព្ទ (+៨៥៥) ០៦០ ៨៨៨ ៩៤៤ ឬ ០៧៧ ៨១១ ១៦៨ ឬ ០១៥ ៥១១ ២៦៦។

- Video Advertisement -