ក្រុមហ៊ុនផ្លូវដែកចិនបានបញ្ចប់ការសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា

ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានបញ្ចប់ការសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា បន្ទាប់ពីដំណើរការសិក្សាលើគម្រោងនេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុន CRCC ដែលជាសហគ្រាសដ៏ធំរបស់រដ្ឋាភិបាលចិន កំពុងធ្វើរបាយការណ៍នៃលទ្ធផល ដើម្បីដាក់ជូនរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ។

លោក គង់ វិមាន អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ «ការសិក្សាផ្លូវដែក ចប់ហើយ ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍នៃការសិក្សានៅឡើយទេ នៅពេលដាក់របាយការណ៍ ក្រសួងនឹងពិនិត្យ វាយតម្លៃលើរបាយការណ៍ហ្នឹង»។

ទោះជាយ៉ាងណា លោក គង់ វិមាន រំពឹងថា របាយការណ៍នៃលទ្ធផលសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា នេះ នឹងត្រូវដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ នៅពេលឆាប់ៗខាងមុខ។

ក្រុមប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិនបានមកដល់កម្ពុជាកាលពីខែឧសភាដើម្បីសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត)។

គួររំលឹកថា គម្រោងសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យក្រុមហ៊ុន CRCC អំឡុងពេលដែលសម្តេចដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែមេសាកន្លងទៅ។

កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យសហគ្រាសផលិតរថភ្លើង INKA ប្រទេសឥណ្ឌូនេស៊ី សិក្សាលទ្ធភាពវិនិយោគលើវិស័យរថភ្លើងនៅកម្ពុជា។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន សហគ្រាស INKA នឹងបញ្ជូនក្រុមការងារជំនាញ មកកម្ពុជា នៅពេលខាងមុខ ដើម្បីពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនទទួលបានសម្បទានគ្រប់គ្រងផ្លូវដែក លើកិច្ចសហប្រតិបត្តិការវិស័យផ្លូវដែកនេះ៕

 

រូបភាពគោលដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]