រោងចក្រធំៗចំនួន ៤កន្លែង នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុម័តគម្រោងជាច្រើនដែលក្នុងនោះរួមមានគម្រោងបំរើដល់វិស័យសំណង់ចំនួន៤គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។

យោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ១៦ ខែ តុលា គម្រោងទាំង៤នេះ មានទុនវិនិយោគសរុប ២២,៥ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានប្រមាណជា ១៩៥៨ កន្លែង។

គម្រោងទាំងនោះរួមមាន ក្រុមហ៊ុន F.P.Z Furniture (Cambodia) Co.,Ltd នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ក្រោមទុនវិនិយោគចំនួន ១៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។

ក្នុងនោះដែរ ក៏នឹងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដោយក្រុមហ៊ុន Zhejiang Hengsen Furniture Co.,Ltd ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ គម្រោងនេះមានទុនវិនិយោគចំនួន ១,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។

ចំណែកឯ ក្រុមហ៊ុន Great Cabinets (CAMBODIA) Co.,Ltd នឹងបង្កើតរោងចក្រផលិតជាសម្ភារទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមទុនវិនិយោគ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។

ដោយឡែក ក្រុមហ៊ុន Gold Sail (Cambodia) Building Materials Manufacturing Co.,Ltd វិញ នឹងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមទុនវិនិយោគ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]