ធនាគារពិភព៖ កម្ពុជាត្រូវដោះស្រាយប្រឈមបញ្ហាខ្លះៗដើម្បីទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល
ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធឌីជីថល ប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនសិន មុននឹងទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។ របាយការណ៍របស់ធនាគារពិភពលោកកម្ពុជាបានបង្ហាញថា មានបញ្ហាប្រឈមចំនួនបួនដែលត្រូវតែធ្វើឲ្យប្រសើរឡើងសិន ទើបអាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា កត្តាទី១ គឺ សេវាអ៊ិនធឺណេតនៅប្រទេសកម្ពុជានៅមានកម្រិត ទី២ ១ភាគ៤នៃម្ចាស់អាជីវកម្មនៅកម្ពុជា មានគេហទំព័រអាជីវកម្មនៅឆ្នាំ ២០១៧ ដែលបង្ហាញពីកង្វះជំនាញព័ត៌មានវិទ្យា ទី ៣ កម្ពុជាមិនមានក្របខ័ណ្ឌណែនាំច្បាស់លាស់ និងកត្តាចុងក្រោយ គឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិ និងជំនាញ។
ទាំងនេះ គឺជាបញ្ហាប្រឈមដែលចាំបាច់ត្រូវដោះស្រាយ។ នៅថ្ងៃទី ២៦ ខែមីនា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺនឹងជួយគាំទ្រដល់វិស័យឌីជីថល ដែលការលើកឡើងនេះ គឺក្នុងសន្និសីទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» នៅឯសណ្ឋាគារ The Great Duke។
សេចក្តីព្រាងច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជាត្រូវបានអនុម័តបន្ទាប់ពីការអភិវឌ្ឍន៍របស់ក្រសួងពាណិជ្ជកម្មដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី។ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការដើម្បីគាំទ្រដល់យុទ្ធសាស្ត្រឌីជីថល ដែលមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក។

