ផ្លូវថ្នល់១១ ខែ្សនៅខេត្តព្រះសីហនុបានបើកការដ្ឋានជួសជុលនៅក្នុងខែកុម្ភៈនេះ
ផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
ឯកឧត្តមបញ្ជាក់ថា គម្រោងស្ថាបនាជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះ រួមមានការពង្រីកកំណាត់ផ្លូវជាតិលេខ៤ ពី ២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប ៩,៦៧៤គីឡូម៉ែត្រផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនានេះស្ថិតនៅក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លារ និងស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ មានចក្ខុវិស័យមុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតីដ៏មានសក្ដានុពលមួយនេះឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។


