សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកគម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋាន ដើម្បីយកកម្លាំងទប់ទល់នឹងកូរ៉ូណា
គម្រោងការដ្ឋានណាដែលត្រៀមនឹងបើកការសាងសង់សម្រាប់ឆ្នាំ ២០២០ ត្រូវផ្អាកជាមុនសិន ដោយសារតែ វីរ៉ុស កូរ៉ូណាថ្មី ឬ Covid-19។ នេះបើយោងតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទាក់ទិនទៅនឹងរឿងផ្អាកគម្រោងការដ្ឋានសាងសង់នេះដែរថា “ការដ្ឋានណាដែលមិនទាន់បានបើកដំណើរការសាងសង់នៅឡើយទេ ផ្អាកការបើកការដ្ឋានសិន។ លើកលែងតែការដ្ឋានដែលស្ថិតក្រោមគម្រោងហិរញ្ញប្បទានពីបរទេស ឬមានថវិកាបដិភាគរបស់កម្ពុជា។”
ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ថា “នាថ្ងៃទី ៩ នេះ ខ្ញុំទៅការដ្ឋានបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវមួយខ្សែ គឺផ្លូវលេខ ៥៥ និងការបើកការដ្ឋានសាងសង់តភ្ជាប់ពីផ្លូវខេត្តបាត់ដំបងទៅខេត្តកោះកុង គឺត្រូវបន្តធ្វើ។”
សម្តេចតេជោបានបន្ថែមថា “ប៉ុន្តែកម្មវិធីមួយចំនួន ដែលមិនទាន់បានបើកការដ្ឋានទេ សូមផ្អាកសិន រង់ចាំឆ្នាំក្រោយក៏មិនទាន់យឺតពេលដែរ ធ្វើយ៉ាងណាក៏ដោយឱ្យ Covid-19 ទៅផុតសិន ” ។
ជាចុងក្រោយ សម្តេចបានបញ្ចប់ប្រសាសន៍អំពីយុទ្ធនាការរបស់កម្ពុជាទល់នឹងវីរ៉ុសដោយបានសង្កត់ធ្ងន់ថា “កិច្ចការរបស់កម្ពុជានៅពេលនេះ គឺការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃ វីរ៉ុសកូរ៉ូណាថ្មី ឬ Covid-19។ ដូច្នេះត្រូវធ្វើការកាត់កងគ្នាពីវិស័យផ្សេងៗមកជួយទ្រទ្រង់វិស័យសុខាភិបាលជាមុនសិន”៕

