បេក្ខភាពទាំង ១២ រូប របស់កម្ពុជា បានក្លាយជា ស្ថាបត្យករអាស៊ាន
បេក្ខភាពទាំង១២រូប របស់ស្ថាបត្យករកម្ពុជានៃ គណៈស្ថាបត្យករកម្ពុជា ត្រូវបានឯកភាពបញ្ជូលជាស្ថាបត្យករអាស៊ានជាផ្លូវការ នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣ ខែ មីនា គ.ស ២០២០។
ការសម្រេចបញ្ចូលជាស្ថាបត្យកររបស់កម្ពុជាទាំង១២ រូប ជាស្ថាបត្យករអាស៊ាន ត្រូវបានសម្រេចជាផ្លូវការដោយកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករអាស៊ាន (AAC) នៅប្រទេសវៀតណាម កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០។ គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ក្រោមដឹកនាំរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា អមដំណើរដោយ ឯកឧត្តមអគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា។
ការបញ្ចូលធនធានស្ថាបត្យករកម្ពុជាទៅក្នុងក្របខណ្ឌតំបន់នេះ បានធ្វើអោយបច្ចុប្បន្នកម្ពុជាយើងមាន ស្ថាបត្យករអាស៊ាន សរុបចំនួន១៦រូប បន្ថែមពីលើជំនាន់មុន ដែលមានត្រឹម ៤ រូបប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ស្ថាបត្យករអាស៊ាន បានបង្កើតឡើងក្រោម កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ឬ The ASEAN Agreement on Mutual Recognition Arrangement (MRA) លើផ្នែកស្ថាបត្យកម្ម ហើយត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០០៧។ បច្ចុប្បន្ននេះ មានស្ថាបត្យករចុះបញ្ជី ចំនួន ៥៧៥ រូប៕

