មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី សម្រាប់អាជីវករផ្សារឃ្លាំងរំសេវ បើកដំណើរការឆាប់ៗនេះហើយ
មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២០ ខាង មុខនេះ ដែលនឹងក្លាយទៅជាទីតាំងប្រកបអាជីវកម្មថ្មីមួយ ដែលកាន់តែមានភាពទំនើបទាន់សម័យ និងមានផាសុកភាពជាងមុន សម្រាប់អាជីវកររបស់ផ្សារឃ្លាំងរំសេវចាស់ នៅរាជធានីភ្នំពេញ ។
មជ្ឈមណ្ឌលបចេ្ចកវិទ្យានេះ មានទីតាំងនៅលើដីទំនេរមួយកន្លែង ជាប់សាលមហោស្រពចេនទ្បា នឹងជំនួស អោយទីតាំងផ្សារឃ្លាំងរំសេវចាស់ ដែលធ្លាប់ជាទីតាំងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងការទិញ-លក់ និងផ្តល់ សេវាកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរស័ព្ទដៃ ព្រមទាំងគ្រឿងអេឡិចត្រូនិកទូទៅ សម្រាប់ប្រជាជនកម្ពុជា។
តាមការបញ្ជាក់ពីក្រុមហ៊ុនគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីបានឱ្យដឹងថា ដោយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាជីវករផ្សារឃ្លាំងរំសេវ ហើយការចុះឈ្មោះបានបញ្ចប់ ទៅប្រកបដោយភាពជោគជ័យខ្ពស់។
តំណាងក្រុមហ៊ុនបានលើកឡើងថា “ក្រុមហ៊ុននឹងផ្តល់អោយអាជីវករទាំងអស់ចូលធ្វើអាជីវកម្ម ដោយមិនគិតថ្លៃឈ្នូលតូប ១០០ ភាគរយ រយៈពេលបីខែពេញ ចាប់ពីខែកក្កដា ឆ្នាំ២០២០ តទៅ ។ ក្រុមហ៊ុន ជឿជាក់យ៉ាងមុតមាំបំផុតថា នឹងអាចដឹកនាំអាជីវករផ្សារឃ្លាំងរំសេវទាំងអស់ ឈានទៅរកភាពជោគជ័យកាន់តែខ្លាំងទ្បើង ស្ថិតក្នុងបរិយាកាសល្អ ទំនើប និងប្រសើជាងមុន។”
ដោយសារមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ មានទីតាំងជាប់ផ្សារឃ្លាំងរំសេវចាស់ស្រាប់ គម្រោងនេះ នឹងធ្វើអោយអាជីវករ និងអតិថិជនទាំងអស់ងាយស្រួលក្នុងការស្វែងរក ក៏ដូចជាសម្រួលដល់ការពង្រីកអាជីវកម្ម។
សមិទ្ធផលមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអាចចូលរួមចំណែកបន្តអភិវឌ្ឍ និងពង្រីកវិស័យទីផ្សារផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា អោយកាន់ តែមានភាពសម្បូរបែប និងទាន់សម័យជាងមុន ដូចទៅនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់។
សូមបញ្ជាក់ថា ដើម្បីបន្តលើកស្ទួយសេដ្ឋកិច្ចជាតិ និងជួយជ្រោមជ្រែងការ ពង្រីកអាជីវកម្មរបស់អាជីវករផ្សារឃ្លាំងរំសេវ និងអាជីវករដទៃក្នុងវិស័យនេះ ក្រុមហ៊ុនអភិវឌ្ឍន៍មជ្ឈមណ្ឌល ក៏បានចាប់ដៃគូសហការ ជាមួយផ្សារទំនើប អូឡាំព្យា ក្នុងការបង្កើតគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាទីពីរ ដែលកាន់តែឈានមុខ និងទំនើប ជាងនេះទៀត។ គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាទីពីរនេះ នឹងមានវត្តមានឡើងនៅរាជធានីភ្នំពេញ នៅចុងឆ្នាំ ២០២០ ខាងមុខនេះតែម្តង។ ពេលកសាងរួចរាល់ហើយ គម្រោងនេះនឹងផ្តល់អាទិភាព អោយអាជីវករផ្សារឃ្លាំងរំសេវដែលសហការជាមួយក្រុមហ៊ុនក្នុងការពង្រីកអាជីវកម្មបន្ថែមទៀត៕





