រថយន្តស្ទូចសម្ភារសំណង់មួយបានដួលរលំសង្កត់មកលើយានយន្តមួយចំនួននៅក្រុងព្រះសីហនុ
រថយន្តស្ទូចមួយគ្រឿង ដែលកំពុងតែស្ទូចសម្ភារសំណង់បានក្រឡាប់ និងបាក់ដងសន្ទូច សង្កត់លើយានយន្តនៅតាមដងផ្លូវ ស្ថិតដងផ្លូវចុះពីអប្សរាថតរូប ក្នុងសង្កាត់លេខ២ នៅក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០កន្លងទៅ។
នេះបើយោងទៅតាមទំព័រហ្វែសប៊ុក HUY BUNLENG NEWS ហេតុការណ៍ខាងលើនេះ បានបង្កឡើងដោយរថយន្តស្ទូច ០១គ្រឿងម៉ាក KATO ពណ៌ លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធរបស់ឈ្មោះ តាយ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខណៈពេល ដែលកំពុងស្ទូចសម្ភារៈសំណង់ បានដួលរលំ និងបាក់ដងសន្ទូចសង្កត់ បង្កឲ្យមានការខូចខាតយានយន្ត និងសម្ភារផ្សេងៗ រួមាន រថយន្តស្ទូចម៉ាក HOWO, រថយន្ត LEXUS RX300, ឡំប្រឺតាកង់៣ និង បង្គោលភ្លើងអគ្គិសនី ចំនួន ០១ដើមផងដែរ។
យ៉ាងណាមិញ ករណីដែលកើតឡើងខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា ជាគ្រោះថ្នាក់ការងារ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយក៏មិនបានបង្កគ្រោះដល់មនុស្សនោះដែរ។
បច្ចុប្បន្នវត្ថុតាង និងយានយន្តត្រូវបាននគរបាលជំនាញចាត់ចែងនាំយកមករក្សាទុក ដើម្បីដោះស្រាយបន្ត ៕

