រដ្ឋាភិបាលប្រកាសឲ្យស្ថាប័នរដ្ឋ និង ឯកជនបន្តការងារធម្មតាក្នុងពិធីចូលឆ្នាំខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិនាឆ្នាំនេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចបានបញ្ជាក់ថា គ្រប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ មិនឲ្យមានការឈប់សម្រាកនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើយ ហើយត្រូវធ្វើការងារជាធម្មតា ដើម្បីការពារកុំឲ្យមានការជួបជុំណាមួយ ដែលឈានទៅការរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ឬទៅសហគមន៍។

សម្តេចបានបន្ថែមថា៖ «កន្លែងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ នៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាជំរើសសុវត្ថិភាពបំផុតហើយ បើទុកបណ្តោយឲ្យដើរលេង សភាពការនេះក្រោយចូលឆ្នាំខ្មែរនិងមានហានិភ័យខ្ពស់បំផុត។ អញ្ចឹងទេសូមបងប្អូនមន្ត្រីរាជការរបស់យើង ក៏ដូចជាកម្មករ កម្មការិនីមេត្តាយោគយល់ ចំពោះការលំបាករបស់ប្រទេសជាតិ ។ »

ស្របតាមអនុសាសន៍របស់សម្តេច លោក មាស ព្រឹក្សា នាយករដ្ឋបាលនៃក្រុមហ៊ុន លី ឈួង សំណង់ បានគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាលនេះ ដោយលោកបានបញ្ជាក់ថា “នេះជាវិធានការមួយដ៏ចាំបាច់បំផុតសម្រាប់កាត់បន្ថយការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បន្ថែមទៀត ក្នុងឱកាសឈប់សម្រាកជួបជុំគ្នាសម្រាប់ចូលឆ្នាំខ្មែរខាងមុខ”។

លោកបានលើកឡើងថា៖ “ចំពោះវិធានការនេះ នឹងជួយមួយចំណែកធំកាត់បន្ថយការជួបជុំគ្នា ជាពិសេសកម្មករចំណាកស្រុកដែលមកធ្វើកម្មករសំណង់ ឬកម្មកររោងចក្រក្នុងទីក្រុង ដែលនឹងត្រូវវិលត្រឡប់ទៅស្រុកកំណើតនាពេលចូលឆ្នាំខាងមុខនេះ ហើយការវិលត្រឡប់របស់បងប្អូនកម្មករពីភ្នំពេញ អាចនឹងជួបជុំរវាងបងប្អូនកម្មករ កម្មការិនីដែលទើបតែត្រឡប់ពីប្រទេសថៃវិញ ខណៈកម្មករទាំងអស់នោះ កំពុងតែតាមដានសុខភាពនៅតាមស្រុកកំណើតរៀងៗខ្លួន ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលពីបុគ្គលមួយទៅបុគ្គលមួយទៀតក្នុងសហគមន៍។ ហើយដែលកាន់តែពិបាកជាងនេះ ប្រសិនជាពួកគាត់ឈប់សម្រាក់ទៅស្រុកកំណើត ហើយវិលត្រឡប់មកធ្វើការវិញ ហានិភ័យនៃការឆ្លងរីករាលដាលមេរោគនេះនឹងកាន់តែពិបាកគ្រប់គ្រង»

លោកបានបន្ថែមថា៖ «កាលពីប៉ុន្មានថ្ងៃមុននេះ យើងសង្កេតឃើញ លំហូរចូលនៃកម្មករ កម្មការិនី ជាពិសេស គឺកម្មករក្នុងវិស័យសំណង់ ដែលចំណាកស្រុកទៅប្រទេសថៃបានត្រឡប់ចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើន និងកំពុងតែទទួលការតាមដានសុខភាពរយៈពេល១៤ថ្ងៃ តាមផ្ទះរៀងៗខ្លួន តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។»

គួរបញ្ជាក់ផងដែរថា ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃជាង ៤ម៉ឺននាក់ បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ មុនពេលកម្ពុជា-ថៃ បានសម្រេចបិទព្រំដែន។ នេះបើតាម ប្រសាសន៍ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៦ ខែមីនា នេះ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និយោជិតសរុបទាំងក្នុងវិស័យរដ្ឋ និងឯកជនដែលបម្រើការងារនៅកម្ពុជាមានប្រមាណ១០ លានអ្នកក្នុងឆ្នាំ ២០២០។ ចំណែកឯ កម្មករបម្រើការងារក្នុងវិស័យសំណង់នៅកម្ពុជាមានប្រមាណ២០០, ០០០នាក់ (ទិន្នន័យសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា)។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងកំណត់ចំនួនថ្ងៃត្រូវសងការឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះចំនួន ៥ថ្ងៃ ជូនបងប្អូនកម្មករនិយោជិតវិញ នូវពេលវេលាសមស្របណាមួយនៅពេលខាងមុខ។ រដ្ឋាភិបាលនឹងជូនដំណឹងអំពីបញ្ហានេះ សាជាថ្មី នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

 

- Video Advertisement -