អ្នកជំនាញ៖ ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ជាឱកាសល្អសម្រាប់អ្នកវិនិយោគ
អ្នកជំនាញយល់ឃើញថា ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា គឺជាវិស័យដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ ខណៈដែលគម្រោងធំៗកម្ពុជាមានចំនួនតិចតួចនៅឡើយ។
«វិស័យទេសចរណ៍វេជ្ជសាស្ត្រនៅស្រុកយើង នៅខ្វះខាតមន្ទីពេទ្យ និងគ្លីនីកច្រើន ហេតុដូចនេះហើយបានប្រជាជនកម្ពុជាភាគច្រើនសម្រុកទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសក្រៅ។ កាលពីខែមុនខ្ញុំទៅប្រទេសថៃ ហើយខ្ញុំសង្កេតឃើញគម្រោងអភិវឌ្ឍន៍វេជ្ជសាស្ត្រខ្លះធ្វើឡើងសម្រាប់ទទួលប្រជាជនកម្ពុជាតែម្តង។ ក្នុងនោះដែរ គេបានបន្ថែមពេទ្យខ្មែរ និងអ្នកបកប្រែជាច្រើនសម្រាប់ជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។» James Hodge អ្នកជំនាញផ្នែកអចលនទ្រព្យ បានលើកឡើងក្នុងកម្មវិធី EuroCham ពេលព្រឹកនិយាយនៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ នៅភោជនីយដ្ឋានតូបតារាជធានីភ្នំពេញ។
លោកបានបន្តថា “យើងមើលឥឡូវនេះមានគម្រោងធំៗមួយចំនួន កំពុងសំឡឹងមើលវិស័យនេះ ហើយមានគម្រោងពីរបីដែរ ដែលជាគម្រោងធំៗណាស់។ ខ្ញុំគិតថា ការបំពាក់បរិក្ខារទំនើបៗមិនត្រឹមតែអាចបន្ថែមការជឿទុកចិត្តកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំមកនូវអ្នកមើលថែអ្នកជំងឺបរទេស អោយមកព្យាបាលនៅប្រទេសកម្ពុជាផងដែរ។ ឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ដ្របែបនេះ កំពុងមាននិន្នាការនៅកូរ៉េខាងត្បូង ជប៉ុន និងតំបន់ជិតខាងផ្សេងទៀត”។
បើតាមគេហទំព័រព័ត៌មានសំណង់និងអចលនទ្រព្យ គម្រោងមជ្ឍមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក ផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ រួមមាន៖
• មន្ទីរពេទ្យស្តង់ដាបែបសិង្ហបុរីលំដាប់ពិភពលោក The Prestige Hospital មានតម្លៃប្រមាណ៧ លានដុល្លារបានប្រកាសបើកដំណើរការ កាលពីទី៣០ ខែមីនា ឆ្នាំ២០២០។ (អានបន្ថែម)
• មន្ទីរពេទ្យសាន់រ៉ាយជប៉ុន ជាមន្ទីរស្របតាមស្តង់ដាប្រទេសជប៉ុនចំណាយលើការវិនិយោគ ៣៥ លានដុល្លារ ប្រកាសដំណើរការក្នុងខែកញ្ញា ឆ្នាំ ២០១៦។ (អានបន្ថែម)
• មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលមានតម្លៃ ៥០ លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់នៅកាលពីឆ្នាំ ២០១៤។
អ្នកជំនាញបន្តថា៖ «ទោះយ៉ាងក៏ដោយ បើសិនជាមានការយកចិត្តទុកដាក់លើ ការវិនិយោគលើវិស័យនេះក្នុងប្រទេសកម្ពុជា នោះពិតជាល្អមែនទែន ព្រោះនៅមានសក្តានុពលច្រើនដែលយើងអាចចាប់យកឱកាសបាន ។»
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យ សាន់រ៉ាយ ជប៉ុន នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ថា ៖«ការមានមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់បែបនេះ គឺមិនមែនគ្រាន់តែផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាក៏កសាងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងទេសចរណ៍ដែលមានលុយ មកពីទីឆ្ងាយផងដែរ»។
តាមរបាយការរបស់ក្រុមគ្រូពេទ្យ Sun Rise ប្រជាជនកម្ពុជាចំនួន ២១០.០០០នាក់ បានចេញទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅឯក្រៅប្រទេសក្នុងមួយឆ្នាំៗ ក្នុងនោះមានប្រទេសបីសំខាន់ៗ រួមមានវៀតណាមមាន ៧៨ %, ថៃមានចំនួន ១៩% និងសិង្ហបុរីមានចំនួន ៣%៕

