គម្រោងកែលម្អផ្លូវជាតិលេខ ៤៨ នៅកោះកុង ទទួលឥណទានបន្ថែមពីរដ្ឋាភិបាលកូរ៉េ
ភាគីកូរ៉េបានឯកភាពលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨រួចហើយ ត្រៀមចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។
ការឯកភាពនេះត្រូវបានប្រកាសឡើងនៅក្នុង កិច្ចប្រជុំស្តីអំពីសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ ជាមួយតំណាងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ តាម Video Conference កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។
ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ភាគីកូរ៉េបានឯកភាពលើសំណើសុំបន្ថែមឥណទាននេះរួចហើយ ភាគីកម្ពុជាដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឱ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។»
គួររម្លឹកថា គម្រោងស្ថារឡើងវិញជាតិលេខ ៤៨ ឬ ផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុងដែលមានប្រវែង១៥០គីឡូម៉ែត្រនេះ គឺស្ថិតក្រោមកម្ចីរបស់រដ្ឋាភិបាលកូរ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧ លានដុល្លារអាមេរិក។ (អានបន្ថែម)
គម្រោងនេះ គឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដែលមានគុណភាពខ្ពស់ជាងមុនដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនបន្ថែម រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ សម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងកាត់បន្ថយភាពក្រីក្រតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលផងដែរ៕

