ចៅហ្វាយខេត្ត​កោះ​កុង​៖ ​ព្រលាន​យន្ត​ហោះតារាសាគរ​មិន​មែន​សម្រាប់​បម្រើ​វិស័យ​យោធា​ទេ​​

រូបភាពដោយ: The New York Times

រដ្ឋបាល​ខេត្ត​កោះ​កុងថ្មីៗ​នេះ​បាន​ច្រានចោល​​ការ​លើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើង​សម្រាប់​បម្រើវិស័យ​យោធានិងបានបញ្ជាក់ច្បាស់ថា ដោយ​អះអាង​ថាតំបន់នេះ ​ត្រូវបាន​កសាង​ឡើង​សម្រាប់​វិស្សមកាល​ទេសចរណ៍ប៉ុណ្ណោះ។

​លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃ​ទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការ​មាន​មន្ទិល​សង្ស័យ​ពីអ្នក​វិភាគកន្លងមក ដែលបាន​​លើក​ឡើង​ថា ព្រលានយន្ដតារាសាគរនេះ  កសាងឡើងសម្រាប់​បម្រើវិស័យ​យោធា​។​

ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយ​សំអាង​លើ​ភស្តុតាង​​មួយ​ចំនួន​ដូច​ជា ១) វិសាលភាព​នៃ​គម្រោង​ដែល​មាន​ទំហំផ្លូវធំជាង​​យន្ត​ហោះ​ស៊ីវិល​ធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែល​ធ្វើឲ្យ​អ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍​  ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និង​ភស្ដុតាង​ដទៃ​ទៀត​។ នេះ​បើ​យោង​តាម អត្ថបទវិភាគរបស់​សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ​ ២០១៩។ (អានបន្ថែម)

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អភិបាលខេត្ត​កោះ​កុងបានបដិសេធថា៖ «ចំពោះ​គម្រោង​ព្រលាន​យន្ត​ហោះ​នៅតារាសាគរ​ ​មាន​ព័ត៌មាន​ថា​ព្រលាន​យន្ត​ហោះ​នេះ​ គឺ​បម្រើឲ្យ​វិស័យ​យោធា​ ខ្ញុំ​សូម​បញ្ជាក់​ថា​ គឺ​មិន​ពិត​ទេ​ ព្រោះតំបន់​នោះ​ត្រូវ​បាន​គេ​បង្កើតជា​តំបន់​វិស្សមកាលទេសចរណ៍។ ជាធម្មតា​តំបន់យោធា​ គឺ​ជា​តំបន់​ហាម​ឃាត់ ជាតំបន់​​សន្តិសុខជាតិ អញ្ចឹង​តំបន់​ ដែល​ការ​ពារ​​បែបនេះ ​ទេសចរ ពាណិជ្ជកម្មអី មិន​អាចទៅ​កម្សាន្ត​បាន​ទេ។»

លោកជំទាវ ​ក៏​បាន​បញ្ជាក់​ថា តំបន់​នេះ​មាន​ការ​រៀប​ចំសម្រាប់​វិស័យទេសចរណ៍ ពាណិជ្ជកម្ម​ និង​ការ​ដឹក​ជញ្ជូនប៉ុណ្ណោះ។ បច្ចុប្បន្ន​ គម្រោង​នេះ​សម្រេចបានប្រមាណជាង ៥០ ភាគរយ អាចនឹងបញ្ចប់ជាស្ថាពរនៅអំឡុងចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១។

គួរបញ្ជាក់​ផង​ដែរថា គម្រោង​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន Union Development Group (UDG) ក្រោម​ទុនវិនិយោគសរុបចំនួន ២០០ លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ ម៉ែត្រ និងទទឹង ៦០ ម៉ែត្រ និងស្ថានីយអ្នកដំណើរ។

ជាមួយគ្នានេះដែរ​ លោកស្រី ក៏បានបញ្ជាក់អំពីគម្រោងព្រលានយន្ដហោះថ្មីមួយ​ទៀត មាន​ទីតាំង​នៅ​ក្បែរទីរួមខេត្តកោះកុង​​កំពុង​ស្ថិត​ក្នុ​ង​ដំណាក់​កាល​សិក្សា​នៅឡើយ​ ដោយ​សារ​គម្រោង​នេះ​ត្រូវបានផ្លាស់ប្ដូរទីតាំងចាស់ ​ មូលហេតុ​ដោយសារតែកៀកជាមួយទីរួមខេត្តខ្លាំងពេក​ ដែល​បណ្ដាល​ឲ្យ​មានផលប៉ះពាល់ច្រើន៕

- Video Advertisement -