គម្រោងសាងសង់ផ្លូវ ៣៨ខ្សែខេត្តសៀមរាប នឹងបើកការដ្ឋាននៅចុងខែកញ្ញានេះ
រដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅចុងឆ្នាំក្រោយ។
ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធដទៃកាលពីថ្ងៃទី ៩ កញ្ញា នេះ។
នៅក្នុងកិច្ចប្រជុំដដែលនេះ អន្តរក្រសួងក៏បានសម្រេចកំណត់រយៈពេលសាងសង់នៃគម្រោងនេះពី ១២ ទៅ ១៤ ខែ ពោលគឺអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២១នេះ។
ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ កញ្ញា កន្លងមកនេះបានបង្កើតគណៈកម្មការអន្ដរក្រសួងថ្មីមួយ ដើម្បីពន្លឿនការអនុវត្តគម្រោង។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គ.ម និងត្រូវចំណាយថវិការប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញានេះ។ (អានបន្ថែម)




