ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ

ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។

ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។

មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំនើប AEON ៣ កំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។

តាមការគ្រោងទុក ផ្សារទំនើប AEON ៣ គឺនឹងបើកដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង បានថ្លែងនៅក្នុងពិធីសម្ពោធថា ៖ «ការបង្កើតផ្សារទំនើប AEON នៅរាជធានីភ្នំពេញរហូតដល់ ៣កន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃទីផ្សារលក់រាយនៅកម្ពុជាកំពុងមានសន្ទុះកើនឡើង»។

ជាមួយគ្នានេះដែរ អ្នកនាង អាន ធីតា នាយិកានៃភ្នាក់ងារអលចនទ្រព្យ CBRE Cambodia ក៏បានសម្ដែងសុទិដ្ឋិនិយមថា៖ «នៅភាគខាងត្បូងនៃរាជធានីភ្នំពេញមិនទាន់មានផ្សារទំនើប ឬផ្សារលក់រាយណាមួយបើកនៅឡើយ ដូច្នេះវាបង្ហាញពីសក្តានុពល»។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប AEONទី១ ស្ថិតនៅខណ្ឌចំការមន បានបើកដំណើរការនៅឆ្នាំ២០១៤ ជាមួយនឹងទុនវិនិយោគ ២០៥លានដុល្លារ។ ផ្សារទំនើប AEON ទី២ ស្ថិតនៅខណ្ឌសែនសុខ បានបើកសម្ពោធនៅឆ្នាំ២០១៨ ជាមួយនឹងទុនវិនិយោគ ១២០លានដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]