កម្ពុជានាំចូលសម្ភារសំណង់សរុបតម្លៃជាង ១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលធ្លាក់ចុះ ៧,៣%

ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ មានសរុប ១.០០៨ លានដុល្លារ ដែលថយចុះ ៧,៣% បើធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះផ្សាយកាលពីថ្មីៗនេះ។

ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ពោលគឺពីថមថយពីប្រមាណ ៥៥៦លានដុល្លារ នៅឆ្នាំ ២០១៩ មកត្រឹម ៤០៣លានដុល្លារ ក្នុងឆ្នាំ ២០២០។

យ៉ាងណាមិញ ការនាំចូលស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ ប្រមាណ ៤៨,៥៩% ពី ១២៨លានដុល្លារនៅឆ្នាំ ២០១៩ មកត្រឹម ៦៦លានដុល្លារ នៅឆ្នាំ ២០២០។

បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម)

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ភាពនៅទ្រឹងរបស់វិស័យសំណង់ និងអចលនទ្រព្យ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះបន្ដិច តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ ២% នៅឆ្នាំ ២០២០ ប៉ុន្តែនឹងកើនឡើង ៤% នៅឆ្នាំ ២០២១។ (អានបន្ថែម)

ដោយឡែក ចំពោះវិស័យសំណង់ និងអចលនទ្រព្យត្រូវបានព្យាករថានឹងកើនតិចតួចប៉ុណ្ណោះ ពោលគឺត្រឹម ២,៩% និង ២,៧% ក្នុងឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែ មករា កន្លងមកនេះ។ (អានបន្ថែម)

- Video Advertisement -