ក្រសួងចេញគោលការណ៍ថ្មី ៤ ចំណុចដើម្បីឱ្យម្ចាស់គម្រោងបុរីនិងអគារខ្ពស់ៗអនុវត្តតាម

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍  កាលពីថ្មីៗនេះ។

បើយោងតាមប្រភពដដែល គោលការណ៍ទាំង ៤ នោះរួមមាន៖

១) មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណាមួយឡើយ។ ពោល គឺត្រូវបើកចំហឱ្យអ្នករស់នៅក្នុងបូរី ឬខុនដូ មានសិទ្ធិជ្រើសរើសសេវាទូរស័ព្ទ និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនណាមួយក៏បានដោយខ្លួនឯង និងដោយសេរី។

២) ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន ក្នុងបុរី ឬរៀបចំបង្គោលឱ្យរួចជាស្រេច ដើម្បីបង្កើនភាពងាយស្រួលក្នុងការអូសខ្សែបណ្ដាញទូរស័ព្ទ ឬអ៊ីនធឺណិត។

៣) ចំពោះអគារខ្ពស់ ត្រូវសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍នានា (ទូរស័ព្ទ និងអ៊ីនធឺណិត ជាដើម) ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions)។

៤) ម្ចាស់បុរី និងអគារខ្ពស់ ត្រូវចាត់ទុកថា សេវាទូរគមនាគមន៍នានា គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងបាននឹងកំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាក់ទិននឹងការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ លើក្រុមហ៊ុនទូរគមនាគមន៍ និម្ចាស់គម្រោងដែលមិនគោរពច្បាប់។

- Video Advertisement -