សម្ដេច ហ៊ុន សែន អនុញ្ញាតឱ្យឯកជនរួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯង
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតដល់សហគ្រាស ក្រុមហ៊ុនឯកជន រោងចក្រ រួមទាំងក្រុមហ៊ុនសំណង់នានា អាចរៀបចំធ្វើតេស្តរហ័សជាបឋម លើបុគ្គលិក-កម្មកររបស់ខ្លួន ដោយខ្លួនឯង ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវីដ១៩ ពោលគឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងពិសេសជួយកាត់បន្ថយហានិភ័យឱ្យទាន់ពេលវេលា។
សម្តេច ហ៊ុន សែន បានឱ្យដឹងកាលពីព្រឹកមិញនេះថា បើសិនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បន្លែងខ្លួនថ្មី (Delta) នោះទេ កម្ពុជានឹងមានរលកនៃការឆ្លងខ្លាំងទៀត ដូច្នេះវិស័យឯកជនត្រូវតែជួយរដ្ឋ។
«វាគ្មានទៅខាតអីទេ ក្រុមហ៊ុនឯកជនអាចធ្វើតេស្តលើបុគ្គលិកដោយខ្លួនឯងដែលសង្ស័យ ដោយប្រើទុនរបស់ក្រុមហ៊ុន ព្រោះឧបករណ៍តម្លៃត្រឹម ៣,៧ដុល្លារប៉ុណ្ណោះ បើពឹងតែគ្រូពេទ្យធ្វើមិនទាន់ពេលវេលាទេ ហើយអាចឆ្លងរាលដាលទៅអ្នកដទៃ។ បើក្រុមហ៊ុន សហគ្រាសឯកជនអាចធ្វើតេស្តលើបុគ្គលិកកម្មកររបស់ខ្លួន មានតែចំណេញ គាត់រកឃើញជំងឺបានលឿន គាត់អាចគ្រប់គ្រងបុគ្គលិកខ្លួនឯងបានកាន់តែលឿនទៀត គាត់អាចរត់មករកពេទ្យទាន់ពេលវេលា បើគាត់រកមិនឃើញទេ អត់មានអីខាតសោះ»។
លើសពីនេះ គ្រូពេទ្យក៏នឹងចាប់ផ្តើមចុះបង្រៀនពីការធ្វើតេស្តតាមសហគ្រាស និងក្រុមហ៊ុនឯកជននានាផងដែរ។
ទាក់ទិននឹងបទបញ្ជានេះដែរ លោក មាស ព្រឹក្សា ប្រធានរដ្ឋបាលគ្រប់គ្រងកិច្ចសន្យានៃក្រុមហ៊ុន លី ឈួង សំណង់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង។ លោកថា៖ «ការអនុញ្ញាតឱ្យមានការធ្វើតេស្តរហ័ស គឺបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនក្នុងការគ្រប់គ្រង បុគ្គលិក-កម្មករ នៅក្នុងការដ្ឋានសំណង់នានាៗ ពិសេសកម្មករដែលមានជម្រកស្នាក់នៅតាមការដ្ឋានមានចំនួនច្រើន។ ការធ្វើតេស្តរហ័សនឹងជួយឱ្យក្រុមហ៊ុនអាចគ្រប់គ្រង និងបង្ការបាន ដើម្បីបញ្ចៀសការបិទការដ្ឋានដែលបង្កឱ្យខាតបង់ច្រើន»។
គួរបញ្ជាក់ថា ក្រៅពីអនុញ្ញាតឱ្យឯកជន រួមទាំងក្រុមហ៊ុនសំណង់ អាចធ្វើតេស្តរហ័សបានដោយខ្លួនឯងហើយនោះ ប្រមុខរដ្ឋាភិបាលក៏បញ្ជាឲ្យកងទ័ព កងកម្លាំងទាំងអស់ត្រូវធ្វើតេស្តរហ័ស ហើយត្រូវផ្គត់ផ្គង់ឧបករណ៍សម្ភារៈតេស្តនេះនៅតាមអង្គភាពផងដែរ៕

