ផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។

ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវ AC ដែលមានប្រវែងសរុប ១៤៨គម ក្នុងនោះប្រវែង ១២២,៩ គម មាន២ គន្លង និង ប្រវែង ២៥,១គម មានចំនួន ០៤ គន្លង។

គម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨,៣លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៦៥ លានដុល្លារជាកម្ចីពីប្រទេសកូរ៉េខាងត្បូង និង ១៣លានដុល្លារជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

តាមកិច្ចសន្យា គម្រោងនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន KCI & KECC Joint Venture។

គួរបញ្ជាក់ថា ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ (Dawai) ប្រទេសភូមា។

តាមបណ្តោយផ្លូវជាតិលេខ៤៨ នេះ មានតំបន់សេដ្ឋកិច្ចពិសេស (SEZ) ចំនួន០៤កន្លែង រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ។

ដូច្នេះការលើកកម្ពស់នេះ នឹងជួយកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូន ក៏ដូចជាបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

 

 

- Video Advertisement -