គម្រោងសាងសង់ផ្លូវខេត្តសៀមរាប-បាត់ដំបង អាចបើកការដ្ឋាននៅមុនឆ្នាំ២០២៥
គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិលនៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយ ដោយការដ្ឋានរំពឹងថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ២០២៥។
ថ្លែងនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ក្រសួងបានដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ពិតមែន ប៉ុន្តែមិនមែនមានន័យថាត្រូវតែសាងសង់នៅឆ្នាំ២០២៥ នោះទេ។ តាមស្ថានភាពជាក់ស្តែង អាចពន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤»។
គួរបញ្ជាក់ថា ការសិក្សាគម្រោងនេះធ្វើឡើងតាំងពីខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ដែលជាការសហការរបស់ក្រសួង និងក្រុមហ៊ុន China Road and Bridge Corporation។ (អានបន្ថែម)
ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់ ៦៩គីឡូម៉ែត្រ។
ជាក់ស្ដែង គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយមានសំណើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ ២០២០។

