អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់

រដ្ឋបាលខេត្តកណ្តាល បានព្រមានបិទអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បើនៅតែបំពានច្បាប់។ ការព្រមាននេះ ត្រូវឡើងក្នុងកិច្ចប្រជុំជាមួយអាជីវកម្មដេប៉ូខ្សាច់ ដី ថ្ម នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

នាឱកាសនេះ ឯកឧត្តម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា កន្លងមកបញ្ហាអាជីវកម្មដឹកខ្សាច់ ដី ថ្ម គ្រួស បានក្លាយបញ្ហាកង្វល់ដល់សាធារណជន ប៉ះពាល់បរិស្ថាន ខណៈមានប្រជាពលរដ្ឋតែងតែត្អូញត្អែរអំពីបញ្ហាឡានដឹកខ្សាច់ ប៉ះពាល់ដល់ពួកគាត់ ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវ ដែលបណ្តាលមកពីការកកស្ទះ និងខូចខាតផ្លូវ ដោយសាររថយន្តដឹកខ្សាច់ ដឹកដីទាំងនោះ។

ហេតុនេះ ឯកឧត្តម បានព្រមានធ្ងន់ៗ ដល់ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនខ្សាច់ ដី និងថ្ម ណាដែលមិនគោរពតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា ជាពិសេសម្ចាស់អាជីវកម្មដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ អាចប្រឈមនិងការបិទអាជីវកម្មទាំងស្រុង។

បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដីឱ្យបានច្បាស់លាស់ស្របតាមច្បាប់ ហើយចំពោះរថយន្តដឹកទាំងនោះ បើមិនបានគោរពទៅតាមការណែនាំទេ សមត្ថកិច្ចនិងមន្ត្រីជំនាញត្រូវសហការដើម្បីចាប់រថយន្តទាំងនោះយកមកផាកពិន័យទៅតាមផ្លូវច្បាប់៕

- Video Advertisement -