ធនាគារ ABA វិនិយោគ ៣០លានដុល្លារ លើគម្រោងសង់ព្រលានថ្មី តាមរយៈមូលបត្របំណុល

ធនាគារ ABA បានបោះទុន ៣០លានដុល្លារទិញមូលបត្របំណុលពីក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីចូលរួមវិនិយោគក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ រវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA។

មូលបត្របំណុលនេះ មានការធានាដោយក្រុមហ៊ុន OCIC ដោយមានអត្រាការប្រាក់ (Coupon rate) ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ។ ទឹកប្រាក់ដែលបានពីការលក់មូលបត្រ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងព្រលានភ្នំពេញថ្មី។

គួរបញ្ជាក់ថា CAIC បានបោះពុម្ពមូលបត្រសរុប ៣០០ លានដុល្លារអាមេរិក ដោយបានលក់ជាបន្ដបន្ទាប់ យ៉ាងហោចបានជាង ១០០លានដុល្លារ បើរាប់ទាំងការលក់ឱ្ យABA។

ទាន់ទិននឹងការគៀងគរទុននេះ សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវជួយវិនិយោគមូលបត្របំណុល ៣០០លានដុល្លារ នេះ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកនេះ គឺស្របនឹងពាក្យស្លោក «ខ្មែរអាចធ្វើបាន» ពោលគឺចង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងស្រុក កសាងឡើងដោយថវិកាចេញពីក្នុងស្រុកផ្ទាល់។ (អានបន្ថែម)

មកទល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សាងសង់បានប្រមាណ ២៧% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។

- Video Advertisement -