រដ្ឋទុកពេល ៣ខែ ចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនពង្រឹងសេវាអ៊ីនធេីណិតក្នុងបូរី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុករយៈពេល ៣ខែ ចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធេីណិត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធេីណិត កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅ។
ឯកឧត្តម លើកឡើងថា បញ្ហាគុណភាពសេវាអិនធើណេត និងទូរសព្ទចល័ត អាចប៉ះពាល់ដល់ការធ្វើការ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សាក្នុងអំឡុងពេលកូវីដ-១៩។ បញ្ហាមានជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ។
«ដូច្នេះ ក្រសួងបាននិងកំពុងដោះស្រាយជាបន្ដបន្ទាប់។ កន្លងមក ក្រសួងបានបំពាក់ឧបករណ៍វាស់ស្ទង់គុណភាពសេវា និងបានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ជាដើម» ឯកឧត្តមបានបន្ត។
គួរបញ្ជាក់ថា ទាក់ទិននឹងការពង្រឹងសេវានេះ ក្រសួងបានព្រមាន ពីរលើកមកហើយ។ កាលពីខែមេសា ក្រសួងបានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់ៗនានាទូទាំងប្រទេស ឱ្យចូលរួមអនុវត្តគោលការណ៍ថ្មី ៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ (អានបន្ថែម) បន្ទាប់មក កាលពីខែវិច្ឆិកា ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធេីណិតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ ។ (អានបន្ថែម)
ការលេចចេញនូវបញ្ហានេះឡើងក្រោយបូរីជាច្រើនមានបញ្ហារឿងគ្មានសេវាទូរសព្ទ និងត្រូវបង្ខំឱ្យប្រើសេវាអ៊ីនធើណេតរបស់ក្រុមហ៊ុនតែមួយ ដែលមានតម្លៃខ្ពស់ និងសេវាមិនល្អ។

