ចាប់អនុវត្តហើយ! គ្រប់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យនិងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន
ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី ៣០ ធ្នូ ២០២១ ចាប់ពីខែ មករា ឆ្នាំ ២០២២ នេះតទៅ គ្រប់សំណង់ទាំងអស់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត មុននឹងទទួលបាន ១) លិខិតអនុញ្ញាតសាងសង់ ២) លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និង ៣) វិញ្ញាបនបត្រប្រើប្រាស់សំណង់។
និយាយឱ្យងាយយល់ មុនសាងសង់ និងក្រោយសាងសង់រួច គ្រប់សំណង់ទាំងអស់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ត្រូវឆ្លងការការត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដាច់ខាត ទើបម្ចាស់សំណង់អាចចូលប្រើប្រាស់បាន បើមិនដូច្នោះគឺខុសច្បាប់។
ជាការបញ្ជាក់បន្ថែមលើការងារនេះ ក្រសួងក៏បានចេញប្រកាសថ្មីមួយ លេខ ១២៦ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ពីនីតិវិធីលម្អិតស្ដីពីនៃការត្រួតពិនិត្យ និងបញ្ជាក់លើការងារសាងសង់ ឬរុះរើ ផ្នែកស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសំណង់។
ការត្រួតពិនិត្យ និងបញ្ជាក់ ខាងលើនេះ ត្រូវធ្វើឡើងចំពោះគ្រប់គម្រោង ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និងរដ្ឋបាលរាជធានី ខេត្ត។
ប៉ុន្តែ សំណង់សាសនា និងគម្រោងសំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ពីថ្នាក់ក្រោមដូចជា ក្រុង ស្រុក ខណ្ឌ គឺមិនតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់នោះទេ តែអាចធ្វើឡើងបានដោយការស្ម័គ្រចិត្ត។
ក្រៅពីការងារសាងសង់ ប្រកាសថ្មីនេះក៏តម្រូវឲ្យមានការត្រួតពិនិត្យ និងបញ្ជាក់ផងដែរ លើការងារជួលជុល ការកែប្រែ រុះរើ និងគម្រោងអភិវឌ្ឍន៍អចលនវត្ថុនានា។
ម្ចាស់សំណង់ទាំងអស់ ត្រូវចុះកិច្ចសន្យា និងបង់សោហ៊ុយ ជាមួយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដោយខ្លួនឯង ដើម្បីអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់របស់ខ្លួន។
ក្រសួងក៏បានបញ្ជាក់ថា នឹងបន្ដចេញប្រកាសថ្មីបន្ដទៀតលើការត្រួតពិនិត្យ និងបញ្ជាក់សំណង់លើផ្នែកផ្សេងៗ។
*បញ្ជាក់៖ ព័ត៌មានដែលមាននៅក្នុងអត្ថបទនេះមានគោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនអាចយកទៅធ្វើជាអំណះអំណាងសម្រាប់ការប្រឹក្សាផ្នែកច្បាប់នោះទេ។ ខ្លឹមសារនៃអត្ថបទ ត្រូវបានសរសរឡើងយោងតាមឯកសារ និងជាបកស្រាយត្រឹមមួយជ្រុងនៃប្រធានបទ។ ករណីនីមួយៗ អាចមានភាពស្មុគស្មាញខុសៗគ្នា ឬត្រូវគ្រប់គ្រងដោយច្បាប់ និងបញ្ញត្តិច្រើនលើសពីមួយ។ ដូច្នេះ ដើម្បីភាពជាក់លាក់ សូមពិភាក្សាជាមួយទីប្រឹក្សាច្បាប់ អ្នកជំនាញផ្នែកច្បាប់ ឬមន្រ្តីជំនាញនៃស្ថាប័ន-អង្គភាពពាក់ព័ន្ធ។

