សាជីវកម្មធានាឥណទានកម្ពុជា វិនិយោគ ២លានដុល្លារ ចូលរួមកសាងព្រលានភ្នំពេញថ្មី
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគ ៨,០០០លានរៀល (ឬប្រមាណ ២លានដុល្លារ អាមេរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី ២៧ មករា រវាងអគ្គនាយករងក្រុមហ៊ុន CAIC លោកឆារស៍ វ៉ាន់ និង អគ្គនាយក CGCC លោក Wong Keet Loong ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដោយក្រុមហ៊ុនកន្លងមកបានចំណាយទុនវិនិយោគសរុប ៣៩០លានដុល្លារ ហើយ (ដោយមិនរាប់បញ្ចូលថ្លៃដី)។

