ជប៉ុនជួយកម្ពុជារៀបចំផែនការមេអភិវឌ្ឍទឹកស្អាត ២០២០-២០៣០ បច្ចុបន្នការសិក្សាបានបញ្ចប់ហើយ

ភាគីជប៉ុនបានសិក្សាផែនការមេអភិវឌ្ឍន៍ទឹកស្អាតទី៣ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ចប់ហើយ ដោយនឹងឈានទៅរកការអនុវត្តឆាប់ៗ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យកាលថ្ងៃទី១ ខែមីនា ជប៉ុនបានជួយសិក្សាគម្រោងផែនការមេអភិវឌ្ឍន៍ទឹកស្អាតដល់រដ្ឋាករទឹកភ្នំពេញ ចំនួន៣គម្រោង រួមមាន៖ គម្រោងទី១-ចាប់ពីឆ្នាំ១៩៩១-២០០០, គម្រោងទី២-ឆ្នាំ២០០០-២០១០ និងគម្រោងទី៣ -ឆ្នាំ២០២០-២០៣០។

«សម្រាប់គម្រោងទី ៣ ការសិក្សាទើបបញ្ចប់កាលពីខែចុងខែមករា ឆ្នាំ២០២២ នេះ។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញ ត្រូវមានសមត្ថភាពផលិតទឹក ១,៨ លានម៉ែត្រគូប ដើម្បីធានាដល់ការប្រើប្រាស់ទឹក» ឯកឧត្តមបន្ត។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣-២០២០ ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់ថវិកាអស់ ៦៩០លានដុល្លារ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកកើនពី ៦៣ពាន់ម៉ែត្រគូប/ថ្ងៃ រហូតដល់ ៥៩២ពាន់ម៉ែត្រគូប/ថ្ងៃ។

យ៉ាងណាក្ដី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋភ្នំពេញសន្សំសំចៃទឹក ខណៈក្រុងភ្នំពេញកំពុងប្រឈមនឹងបញ្ហាពីរ គឺ៖

-កត្តាទី១៖ ប្រជាជនចូលក្រុងភ្នំពេញកើន (ខណៈក្នុងមនុស្សម្នាក់សព្វថ្ងៃបានប្រើប្រាស់ទឹកលើសតម្រូវការរហូត២០០-២៨០លីត្រ/ថ្ងៃ ដែលជាទូទៅក្នុងម្នាក់អាចប្រើបាន១៥០ម៉ែត្រគូប/ថ្ងៃប៉ុណ្ណោះ)។

-កត្តាទី២៖ កំរិតទឹកទន្លេមេគង្គបានស្រក់ចុះខុសពីប្រក្រតី ១ម៉ែត្រ រយៈពេល៥ឆ្នាំមកនេះ ដែលធ្វើឲ្យតំបន់មួយចំនួនខ្វះខាត់ទឹកប្រើប្រាស់ ពិសេសនារដូវប្រាំង៕

- Video Advertisement -