កូរ៉េគ្រោងជួយសង់អគារមន្ទីរពេទ្យថ្មីមួយទៀតឱ្យកម្ពុជា កម្ពស់៥ជាន់ តម្លៃ ១៦លានដុល្លារ
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យទំនើបថ្មីមួយកន្លែងទៀតឱ្យកម្ពុជា ដែលមានកម្ពស់៥ជាន់ និងតម្លៃ ១៦ លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារកម្ពុជា។
នេះបើយោងតាមការឱ្យដឹងតាមទូរសព្ទរបស់ លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី ២៩ ខែ មីនា ក្នុងកិច្ចចុះពិនិត្យមន្ទីរព្រមនឹង លោកស្រី អ៊ីម ចុងហ៊ី អនុប្រធានKOICA។
តាមផែនការ អគារថ្មីនេះនឹងមានទំហំជាង ៨ ៣០០ម៉ែត្រការ៉េ ដែលប្រើសម្រាប់ផ្ដល់សេវាកម្មវេជ្ជសាស្រ្តលើផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេស។
អគារនឹងមានអាហារដ្ឋាន កន្លែងក្មេងលេង និងសេវាវេជ្ជសាស្រ្តថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹមជាដើម។
ក្នុងអគារថ្មីនោះ នឹងអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។
លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានឱ្យដឹងទៀតថា គម្រោងនេះអាចនឹងចាប់ផ្តើមនៅក្នុងរង្វង់ឆ្នាំ២០២៣ ខាងមុខ ដោយប្រើរយៈពេលការសាងសង់ ៣ឆ្នាំ។
គម្រោងនេះនឹងក្លាយអគារទី២ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១ កូរ៉េបានសាងសង់រួចរាល់ និងបានដាក់ដំណើរការកាលពីឆ្នាំ ២០១៨ កន្លងមក។

