កូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គម្រោងនេះ ត្រូវបានពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូនៃក្រុមហ៊ុនកូរ៉េ ដែលពិនិត្យលើសាងសង់មន្ទីរពេទ្យថ្មីនេះ។
មន្ទីរពេទ្យរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ នឹងត្រូវសាងសង់លើផ្ទៃដីជាង២ហិកតា មានកម្ពស់ ៨ជាន់ មានគ្រែសម្រាប់អ្នកជំងឺសម្រាក ២០០គ្រែ នឹងអាចពង្រីករហូតដល់៤០០គ្រែ។
ក្រុមហ៊ុនកូរ៉េខាងត្បូង Inje Joint Venture ត្រូវបានជ្រើសរើសជាក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យគម្រោង។
តាមផែនការ រយៈពេលគម្រោងនេះ មាន៤៣ខែ ដោយក្នុងនោះ ការរចនាមានរយៈពេល ១០ខែ ការដេញថ្លៃរកអ្នកម៉ៅការ ៤ខែ ការសាងសង់ ២៦ខែ និងការធ្វើប្លង់ប្រើប្រាស់គំរូ ឬSimulation ៣ខែ។
ក្រុមហ៊ុន Inje Joint Venture កំពុងពិនិត្យ ពិភាក្សា និងស្នើសុំការអនុម័តទៅលើ Inception Report ដើម្បីបន្តការអនុវត្តគម្រោងឱ្យបានទៅតាមការវិភាគដែលបានគ្រោងទុក។

