JICA ឯកភាពទំលាក់ថវិកាជាកញ្ចប់រួមសម្រាប់គម្រោងពង្រីកផែសីហនុជំហានទី២ និងទី៣

កំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។

ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។

នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ « មានការឯកភាពគ្នារវាង JICA កំពង់ផែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ថានឹងទំលាក់ប្រាក់កម្ចីរួមមួយកញ្ចប់តែម្តង កុំឱ្យពិបាកក្នុងការចរចាថវិកាជំហានទី ២ ហើយទៅចរចាជំហានទី ៣ម្ដងទៀត”។

ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខណៈជំហានទី៣ មានប្រវែង ៤០០ម៉ែត្រ និងជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងបញ្ចប់ នៅឆ្នាំ២០២៩៕

 

 

- Video Advertisement -