ការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ៣សម្រេចបាន៩០%គ្រោងបញ្ចប់មុនផែនការ
គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត សម្រេចបាន៩០%ហើយ ដោយគម្រោងបញ្ចប់មុនផែនការ ពោលគឺនៅខែកញ្ញា ឆ្នាំ២០២១ នេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ការសាងសង់ផ្លូវនឹងចប់មុនកាលកំណត់នេះ គឺដោយសារតែក្រុមហ៊ុនចិនគាត់លួចបច្ចេកទេសសាងសង់មិនមានលួចគុណភាពនោះទេ ពោលគឺគុណភាពនៅល្អដូចដែលបានព្រមព្រៀងគ្នា»។
ឯកឧត្តមបានបន្តទៀតថា តាមប្លង់ដំបូងគឺមិនមានចំណុច U-turn (ចំណុចបើកទ្រូងផ្លូវសម្រាប់បត់រថយន្ត) ទេ តែឥឡូវ ក្រុមការងារនឹងរចនាចំណុច U-turn ផងដែរ ដោយផ្លូវនៅចំណុចនោះនឹងធំជាងធម្មតា ដើម្បីទុកកន្លែងឱ្យបត់ឡានដោយមានសុវត្ថិភាព។
លើសពីនេះ ក្រសួងក៏នឹងសាងសង់ផ្លូវអាកាសថ្មើរជើង ២កន្លែង ជញ្ជីងក្រោមដី ២កន្លែង និងបំពាក់កាមេរ៉ាចាប់ល្បឿន ១១កន្លែងផងដែរ (អានបន្ថែម និងបន្ថែម)។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស នឹងត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូអាស្វាល់ (AC)។
គម្រោងនេះ កំពុងសាងសង់ដោយប្រើទឹកប្រាក់ប្រមាណជាង ២១៩លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

