ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ចប់នៅខែសីហានេះ
ការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកខេត្តកែប មកទល់បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែសីហា ខាងមុខនេះ ក្រោយយឺតយ៉ាវមួយរយៈដោយសារវិបត្តិកូវីដ និងកត្តាបច្ចេកទេស។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០២ ខែកុម្ភៈ នេះថា៖ «កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤.៧០ម នឹងអាចចតនាវាទេសចរណ៍បាន ២ ប្រភេទ»។
លោកបានន្ថែមថា៖ «ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គ.ម ដែលអាចដឹកមនុស្សបានពី ៣០ ទៅ ១០០នាក់។ ដោយឡែកប្រភេទនាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ១៩៣គ.ម នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ ៣០០នាក់»។
គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០២០ មកម្លេះ ដែលជាផ្នែកមួយនៃផែនការតភ្ជាប់បណ្ដាញតាមផ្លូវសមុទ្រ ពោលគឺនឹងត្រូវភ្ជាប់ទៅកំពង់ផែទេសចរណ៍មួយទៀតដែលស្ថិតកំពុងសាងសង់នៅខេត្តកំពត។ (អានបន្ថែម)
គួររំលឹកថា ក្រៅពីការអភិវឌ្ឍន៍កំពង់ផែនេះ គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ទៀត ទើបតែត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ (អានបន្ថែម)
លើសពីនេះ ខេត្តកំពត និងកែបក៏កំពុងធ្វើសៀវភៅមគ្គុទេសក៍វិនិយោគ ដើម្បីទាក់ទាញគម្រោងធំៗ ឱ្យបានច្រើនជាងមុនផងដែរ។ (អានបន្ថែម)
ជាមួយគ្នានេះដែរ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ កាលពីថ្មីនេះ ក៏បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១ ឬក្រោយវិបត្តិកូវីដ១៩។ (អានបន្ថែម)

