រាជធានីខេត្តនីមួយៗទូទាំងប្រទេសកំពុងបន្តសាងសង់កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩

រាជធានីខេត្តនីមួយៗទូទាំងប្រទេស បាន និងកំពុងសម្រុកសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមានអ្នកទទួលមរណភាពពីជំងឺកូវីដ-១៩ ក្នុងខេត្តទាំងនោះ ខណៈចំនួនអ្នកឆ្លងទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងជាបន្តបន្ទាប់។

មកទល់បច្ចុប្បន្ន បើយោងតាមព័ត៌មានដែល ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យស្រង់បាន មានខេត្តក្រុងទាំងនោះរួមមាន៖

១. ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នេះ បានរៀបចំពិធីក្រុងពាលី ដើម្បីសាងសង់ឈាបនដ្ឋានសម្រាប់ត្រៀមបូជាសពអ្នកជំងឺកូវីដ-១៩ នៅបរិវេណវត្តកោះជុំ ស្ថិតនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង។

២. ខេត្តក្រចេះ ក៏បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ឈាបនដ្ឋាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅវត្តកន្រ្ទីង ភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពី ទី១៥ ខែមីនា។

៣.ខេត្តកំពង់ចាម៖ ក៏បានត្រៀមសម្រាប់បូជាសព ដែលស្លាប់ដោយសារកូវីដ-១៩ នៅវត្តជោតនារាមបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។

៤.ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក៏បានបើកកិច្ចប្រជុំពន្លឿនសម្រាប់ដំណើរការសាងសង់ឈាបនដ្ឋាន សម្រាប់រំលាយសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សនាពេលខាងមុខនេះ។

៥.រាជធានីភ្នំពេញវិញ ក៏បានត្រៀមផ្ទៃដីប្រមាណ១០ហិកតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើជាទីតាំងឡបូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នបានកំពុងមមាញឹកឈូសឆាយសាងសង់ទាំងយប់ទាំងថ្ងៃ។ (អានបន្ថែម)

គួរជម្រាប់ថា ការចាប់ផ្តើមសម្រុកសាងសង់សាងសង់ឈាបនដ្ឋានទូទាំងខេត្តក្រុងនេះ គឺធ្វើឡើងក្រោយទទួលបានបញ្ជាពី សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពេលថ្មីៗនេះ៕

- Video Advertisement -