ADB ត្រៀមផ្ដល់កម្ចីនិងជំនួយដល់កម្ពុជាសរុបជាង ១,៣ប៊ីលានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣

ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានត្រៀមកម្ចី និងជំនួយដល់កម្ពុជាសរុបជាង ១,៣ ពាន់លានដុល្លារ សម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដើម្បីយកមកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិពីការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់ ADB ចេញផ្សាយពីកាលពីថ្ងៃទី ២៨ មេសា កន្លងមកនេះ ក្នុងចំណោមថវិកាត្រៀមសម្រាប់កម្ពុជាសរុបនេះ ទឹកប្រាក់ ១,៣៥ប៊ីលានដុល្លារ គឺជាកម្ចីសម្បទាន ហើយកញ្ចប់ ៣២,៤ លានដុល្លារទៀត គឺជាជំនួយឥតសំណង។

ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ន ADB ក៏កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ប៊ីលានដុល្លារ នៅកម្ពុជា។ លើសពីនេះ សម្រាប់ឆ្នាំ ២០២០ កន្លងទៅនេះ ADB ក៏បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧លានដុល្លារ ហើយបានកៀងគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ដដែលនេះ ADB ក៏ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២។ ក្នុងនោះ វិស័យឧស្សាហកម្មនឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ ២០២២ ចំណែកឯវិស័យកសិកម្មនឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២។

ដោយឡែក វិស័យសេវាកម្មនឹងងើបឡើងវិញយឺត ប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ លើសពីនេះ វិស័យអចលនទ្រព្យ និងសំណង់ក៏នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុនផងដែរ។ (អានបន្ថែម)

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ។

- Video Advertisement -