អូស្រ្តាលីផ្តល់ជំនួយជាង៩០ម៉ឺនដុល្លារដើម្បីតភ្ជាប់អគ្គិសនីតាមជនបទដាច់ស្រយាល
រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ៩២ម៉ឺនដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅតាមភូមិជនបទ ដែលមិនទាន់មានការផ្គត់ផ្គង់ទៅដល់។
កំណត់ហេតុនៃការផ្តល់ហិរញ្ញប្បទាននេះធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយមានចូលរួមដោយឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្តម Luke Arnold ភារៈធារី នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
ហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេះ មានទឹកប្រាក់ ១,២ លានដុល្លារ អូស្រ្តាលី ឬស្មើនឹង ៩២ម៉ឺនដុល្លារអាមេរិក។ ការអនុវត្តគម្រោង នឹងមានរយៈពេល២ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី១០ មិថុនា នេះថា គម្រោងនេះពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់នៅកម្ពុជា។
ឯកឧត្តមបន្តថា «គម្រោងអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទនៅភូមិដែលមិនទាន់មានការផ្គត់ផ្គង់ គឺផ្តោតលើការបំពាក់ផ្ទាំងសូឡា ដើម្បីផលិតថាមពលប្រើប្រាស់តាមផ្ទះតាមទីជនបទ»។
គិតមកពេលបច្ចុប្បន្ន ការតភ្ជាប់អគ្គិសនីទៅកាន់ភូមិទូទាំងប្រទេសសម្រេចបានជាង ៩៧% នៃភូមិសរុ បប្រមាណ ១៤ ១៦៨ភូមិ។

