ឧស្សាហកម្មចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជាគ្រោងផលិតបានមាស ៣តោនក្នុងមួយឆ្នាំ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ក្រោយពីសិក្សារុករកអស់រយៈពេលជាង ១៤ឆ្នាំ រោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មដំបូងនៅកម្ពុជា ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី នឹងចាប់បើកដំណើរការជាផ្លូវការពីថ្ងៃទី២១ ខែមិថុនា ហើយ ដែលសបញ្ជាក់ឱ្យឃើញពីសមិទ្ធិផលសំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍ជាតិ។
រោងចក្រចម្រាញ់រ៉ែមាសនេះ មានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលកំពុងប្រតិបត្តិដោយក្រុមហ៊ុនអូស្រ្តាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត។ (អានបន្ថែម)

បើយោងតាមតាមរបាយការណ៍របស់ក្រុមហ៊ុន តំបន់អូរខ្វាវនឹងអាចឱ្យក្រុមហ៊ុនផលិតមាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០% ក្នុងនោះ ដោយក្រុមហ៊ុនរំពឹងថានឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។

ផលិតផលមាសពីជម្រករ៉ែអូរខ្វាវនេះ នឹងផ្ដល់ចំណូលដុលជាមធ្យមប្រមាណ១៨៥ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើសពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឱ្យបញ្ឈប់ការធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារបន្តទៀត ដែលបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗ។

- Video Advertisement -