ជប៉ុនគ្រោងផ្ដល់ជំនួយ ១០ពាន់លានដុល្លារ លើគម្រោងកាត់បន្ថយឧស្ម័នពុលនៅអាស៊ាន
ប្រទេសជប៉ុនកំពុងរៀបចំផែនការបោះទុនទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសនានាក្នុងអាស៊ានកាត់បន្ថយការបំភាយឧស្ម័នពុល។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei Asia កាលថ្មីៗនេះ។
តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រទេសជប៉ុននឹងជាអ្នករៀបចំផែនការមេបង្ហាញផ្លូវ ក៏ដូចជាអ្នកប្រមូលទុកពីវិស័យរដ្ឋនិងឯកជន ដើម្បីត្រៀមផ្ដល់ឱ្យប្រទេសអាស៊ានទាំង១០។
បើយោងតាមប្រភពដដែល ទឹកប្រាក់១០ពាន់លាន់ដុល្លារនេះ នឹងត្រូវប្រើប្រាស់អនុវត្តគម្រោងនានាដូចជា ការរៀបចំផែនការសន្សំសំចៃថាមពល ការសាងសង់រោងចក្រថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរពីរោងចក្រថាមពេលធ្យូងថ្មទៅជារោងចក្រឧស្ម័នធម្មជាតិរាវ និងការប្រើប្រាស់អាម៉ូញាក់លាយនឹងធ្បូងថ្មក្នុងការផលិតថាមពលជាដើម។
ក្រៅពីនេះ ជប៉ុនក៏នឹងជួយបណ្តាប្រទេសអាស៊ានលើផ្នែកបច្ចេកវិទ្យា និងការអប់រំធនធានមនុស្សផងដែរ ពិសេសលើបច្ចេកវិទ្យាថ្មីៗ ដូចជាការកប់កាបូនឌីអុកស៊ីតនៅក្រោមដីជាដើម។
គួរបញ្ជាក់ថា គម្រោងទឹកប្រាក់ ១០ ពាន់លានដុល្លារនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានប្តេជ្ញាថា នឹងជួយពិភពលោកកាត់បន្ថយឧស្ម័នពុល ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
យោងតាមរបាយការណ៍របស់ Nikkei Asia គម្រោងនេះមិនត្រឹមជួយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយផ្លាស់ប្តូរបរិយាកាសធុរកិច្ចក្នុងតំបន់ផងដែរ ពោលគឺនឹងទាក់ទាញវិនិយោគិនកាន់តែច្រើន ពិសេសអ្នកវិនិយោគធំៗដែលខ្វល់អំពីបញ្ហាបរិស្ថាន។
ហេតុផលមួយទៀតដែលជប៉ុនផ្ដល់ជំនួយនេះ គឺដើម្បីប្រឆាំងនឹងប្រទេសចិន។ ជប៉ុន យល់ឃើញថា បើជប៉ុនមិនជួយបណ្តាប្រទេសអាស៊ានទេ វានឹងបង្កើតឱកាសឱ្យប្រទេសចិនក្នុងការចូលមកសាងសង់រោងចក្រថាមពលធ្យូងថ្ម និងធ្វើអាជីវកម្មផ្សេងៗទៀតបាន ដែលនាំឱ្យចិនមានឥទ្ធិពលកាន់តែខ្លាំង។
យោងតាមការស្រាវជ្រាវ បច្ចុប្បន្ន ជាង ៨០% ប្រភពអគ្គិសនីនៃអាស៊ាន គឺពីរោងចក្រថាមពលចំហេះឥន្ធនៈផូស៊ីល ដែលប៉ះពាល់ដល់បរិស្ថានខ្លាំង ខណៈថាមពលកកើតឡើងវិញគឺនៅមានកម្រិត។

