គម្រោងស្ដារផ្លូវជាតិលេខ ៣៣ ជិតចាប់ផ្ដើមហើយ ខណៈក្រសួងកំពុងចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់
គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក គ្រោងនឹងចាប់ផ្ដើមឆាប់ៗនេះ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់។
ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី ៨ ខែកក្កដា ថា ក្រៅពីពិនិត្យផ្លូវ ក្រុមការងារបច្ចេកទេសក៏បានពិនិត្យមើលលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ផ្លូវដែលស្ថិតនៅក្រៅកិច្ចសន្យាគម្រោងផងដែរ។
ស្ពាននេះមានទីតាំងឋិតនៅមុខសាកលវិទ្យាល័យខេត្តកែប ដែលក្រុមការងារកំពុងសិក្សាផលប៉ះពាល់ទីតាំងជាក់ស្តែង និងជជែកពិភាក្សាលម្អិត។
គួរបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣នេះ បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ តាមផែនការ គម្រោងនេះ មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត ទៅព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។
ក្រុមហ៊ុនទទួលសិទ្ធិសិក្សាគម្រោងនេះ គឺ China Road and Bridge Corporation ហើយក្រុមហ៊ុនផ្តល់ប្រឹក្សាគឺ Sawac Consultants (Cambodia) Co Ltd។
ចំណែកឯថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោង មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។ (អានបន្ថែម)

