ផ្សារទំនើបអ៊ីអន១ ពង្រីកទំហំជាន់ផ្ទាល់ដីបន្ថែម ដើម្បីទាក់ទាញអ្នកអាជីវកម្ម
ផ្សារទំនើបអីអន សាខាទី១ នៅលើផ្លូវសម្តេចសុធារស សម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីពេលថ្មីៗនេះ ផ្សារទំនើបអីអនទី១ នឹងពង្រីកជាន់ផ្ទាល់ដី ប្រមាណ ២៧ ០០០ ម៉ែត្រការ៉េបន្ថែម ដោយក្រោយពង្រីកជាន់ផ្ទាល់ដីនឹងទំហំសរុប ១៦២ ០០០ ម៉ែត្រការ៉េ។
ការពង្រីកជាន់ផ្ទាល់ដីបន្ថែមនេះ នឹងអាចបង្កើតបានទីតាំងតូបអាជីវកម្មចំនួន ៣០តូបបន្ថែមទៀត ឬសរុបស្មើនឹង ២៤០ តូប។
ការពង្រីកបន្ថែមនេះ ក៏នឹងធ្វើឱ្យការចំណតរថយន្តក្នុងផ្សារទំនើប អាចទទួលបានរថយន្តបន្ថែមចំនួន៧០គ្រឿង ខណៈចំណតរថយន្តអាចទទួលរថយន្តឡើងដល់ ២ ៣៧០ គ្រឿង។
គួរបញ្ជាក់ថា ក្រុមហ៊ុន អីអនម៉ល ខេមបូឌា បានដាក់ក្តីរំពឹងថា ការពង្រីកទីតាំងជាន់ផ្ទាល់ដីសាខាទី១នេះ នឹងបញ្ចប់ឆ្នាំ២០២៣ ហើយអាចទាក់ទាញហាងល្បីៗបន្ថែមទៀត។
- Video Advertisement -

