សាលាក្រុងស្នើឱ្យគ្រប់ការដ្ឋានសំណង់ពង្រឹងអនុវត្តវិធានសុខាភិបាលឱ្យម៉ឺងម៉ាត់ជាងមុន
រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់ការដ្ឋានសំណង់នៅភ្នំពេញទាំងអស់ ត្រូវរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យម៉ឺងម៉ាត់ជាងមុន ដោយសារតែមានការឆ្លងជាបន្តបន្ទាប់លើបុគ្គលិក និងកម្មករ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ការដាក់កំហិតនេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព របស់បុគ្គលិក និងកម្មករ ក៏ដូចជាដើម្បីជួយការពារបង្ការការកកស្ទះការងារក្នុងវិស័យសំណង់ជារួម ដែលកើតឡើងដោយសារវិបត្តិកូវីដផងដែរ។
សេចក្ដីណែនាំទាំងអស់មាន ១៤ ចំណុច ដែលសង្ខេបជារួមខ្លីៗមានដូចជា៖
-ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ បញ្ជីឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន ឬទីតាំងស្នាក់នៅរបស់បុគលិក និងកម្មករ និយោជិតក្នុងអំឡុងពេលបំពេញការងារ។
-ចាត់ឱ្យមានអ្នកចែកម៉ាស វាស់កម្តៅ និងបាញ់ទឹកអាល់កុល ឬជែលអាល់កុល និងអនុវត្តការស្កេន QR Code ទប់ស្កាត់កូវីដ១៩ Stop Covid នៅតាមច្រកចេញ ចូលការដ្ឋាន។
-បើមានលទ្ធភាព ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រង់ការដ្ឋានសំណង់ គួររៀបចំឱ្យមានបន្ទប់ស្នាក់នៅប្រចាំថ្ងៃជូនបុគ្គលិក និងកម្មករ និយោជិតរបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង
-មិនអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ និយោជិត ចេញមកទទួលទានអាហារនៅក្រៅការដ្នាននោះទេ
-បើទៅរួច គួរពិចារណា ត្រៀមទីតាំងសមស្របសម្រាប់ធ្វើតេស្តយកសំណាក ទីតាំងចត្តាឡីស័ក ឬការព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល។
-ត្រៀមឧបករណ៍តេស្តរហ័ស សម្រាប់ប្រើប្រាស់នៅក្នុងការដ្ឋាន ពោលគឺសម្រាប់តេស្ដលើបុគ្គលិកដែលមានបញ្ហាសុខភាព។ ការធ្វើតេស្តរហ័សនេះ ក៏ត្រូវអនុវត្តសម្រាប់បុគ្គលិក និងកម្មករនិយោជិតថ្មី ជាមួយនឹងការធ្វើចត្តាឡីស័ក១៤ ថ្ងៃ ផងដែរ។

