ក្រសួងដែនដីបញ្ជាឱ្យរឹតបន្ដឹងសុវត្ថិភាពក្នុងការដ្ឋានសំណង់ទូទាំងប្រទេស ទោះក្នុងវិបត្តិកូវីដក្ដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ជាឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវរឹតបណ្តឹងសុវត្ថិភាពក្នុងការដ្ឋានរបស់ខ្លួន ទោះបីការដ្ឋានផ្អាក ឬបន្ថយការងារក្ដី ដោយហាមដាច់ខាតមិនឱ្យមានការធ្វេសប្រហេសបង្កគ្រោះថ្នាក់ដល់សាធារណជន និងកម្មករ។ នេះបើតាមលិខិតលេខ១០៨ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១។
បទបញ្ជានេះធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ការដ្ឋានសំណង់មួយចំនួនបានផ្អាកដំណើរការ ឬបានកាត់បន្ថយសកម្មភាពសាងសង់ខ្លះ ហើយម្ចាស់ការដ្ឋានភ្លេចខ្លួន មិនគិតគូរពីរឿងសុវត្ថិភាព ព្រោះយល់ថាការដ្ឋានមានទ្រង់ទ្រាយតូចជាងមុន។
ប៉ុន្តែ បើទោះបីជាមានការផ្អាកសាងសង់ ឬសង់តិចតួចក៏ដោយ ម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ក៏នៅតែមានកាតព្វកិច្ចធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការដ្ឋានសំណង់របស់ខ្លួន។
តួយ៉ាងដូចជា បើគ្មានការសាងសង់ទេ ម្ចាស់ការដ្ឋានត្រូវហ៊ុំព័ទ្ធសំណាញ់សុវត្ថិភាព ព្រមទាំងទុកដាក់សម្ភារផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបង្កហានិភ័យ និងគ្រោះថ្នាក់ជាយថាហេតុដល់កម្មករសាងសង់ និងសាធារណៈជនដទៃទៀត។

