ឥណ្ឌូនេស៊ីស្ទាក់កប៉ាល់ដឹកប្រេងរត់ពីកម្ពុជាបានហើយ កម្ពុជាកំពុងស្នើឱ្យជួយបញ្ជូនមកវិញ
ក្រសួងរ៉ែ និងថាមពល កំពុងស្ថិតក្នុងការពិភាក្សាជាមួយភាគីឥណ្ឌូនេស៊ី ឱ្យជួយសម្របសម្រួល បញ្ជូនប្រេងឆៅ១ កប៉ាល់ ដែលត្រូវបានដឹកចេញស្ងាត់ៗ ពីប្រទេសកម្ពុជាកាលពីខែមិថុនា ត្រលប់មកវិញ។
ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឥណ្ឌូនេស៊ីបានឃាត់ចាប់កប៉ាល់ផ្ទុកប្រេងបរិមាណជិត ៣០ម៉ឺនប៉ារ៉ែល និងនាវិកជាង១០នាក់ កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅ។
ការស្ទាក់ចាប់របស់ឥណ្ឌូនេស៊ីនេះទៀតសោត ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសពណ៌ក្រហមមួយទៅកាន់ប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ ស្នើសុំកិច្ចសហការក្នុងការរឹបអូសនាវាដែលបានដឹកប្រេងឆៅស្ងាត់ៗចេញពីកម្ពុជា។
បើតាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសឥណ្ឌូនេស៊ី ចុះកាលពីថ្ងៃទី២៥ ខែសីហា កប៉ាល់ដឹកប្រេងនេះ មានឈ្មោះថា MT Strovolos ដែលមានដោតទង់ជាតិបាហាម៉ា បានធ្វើដំណើរចេញពីឆ្នេរសមុទ្រស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា។
នាវានេះមានប្រវែង ១៨៣ម៉ែត្រ និងមានទិសដៅធ្វើដំណើរចេញពីប្រទេសថៃទៅកាន់កោះបាថាម នៃប្រទេសឥណ្ឌូនេស៊ី ។
ជុំវិញរឿងនេះ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ កម្ពុជា និងឥណ្ឌូនេស៊ី កំពុងសហការ ដើម្បីបញ្ជូនប្រេងលើនាវាទាំងនោះ មកឱ្យកម្ពុជាវិញ»។
គួរបញ្ជាក់ថា ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល គឺជាប្រេងដែលក្រុមហ៊ុន KrisEnergy បូមបានពីតំបន់អណ្ដូងអប្សរា ឬប្លុក A មុននឹងក្រុមហ៊ុនប្រកាសក្ស័យធុនកាលពីខែមិថុនា ប៉ុន្តែត្រូវបានដឹកជញ្ជូនចូលក្នុងទឹកដីប្រទេសថៃស្ងាត់ៗ ដោយគ្មានការដឹងឮពីប្រទេសកម្ពុជា។
ក្រោយការក្ស័យធុនរបស់ក្រុមហ៊ុន KrisEnergy សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១ សីហា ក៏បានប្រកាសពីការដួលរលំការបូមប្រេងនៅកម្ពុជាជាផ្លូវការ។ (អានបន្ថែម)
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy បូមប្រេងនៅកម្ពុជា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥% ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥%។

