រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ១៩០លានដុល្លារ នៅបាក់ខែង សាងសង់បានជិត ៤០% ហើយ

គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៣៨% ហើយ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២១។

ក្នុងចំណោមការងារទាំងអស់ ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអនុវត្តបាន ១០% ការងារសាងសង់ស្ថាននីយបូមទឹកល្អក់អនុវត្តបាន១៥% ការងារដាក់បំពង់មេនាំទឹកស្អាតបាន ៥៣% និងការងារខួងឆ្លងទន្លេសាបដើម្បីដាក់បំពង់មេនាំទឹកស្អាត ២០០០មម បាន ៣០%។

រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា និងមាន ពីរជំហាន។ ជំហានទី ១ គ្រោងនឹងបញ្ចាប់នៅចុងឆ្នាំ ២០២២ ឬដើម២០២៣ ដោយនឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈជំហានទី២ នឹងពង្រីកសមត្ថភាពដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៤។

គម្រោងកំពុងសាងសង់ដោយក្រុមហ៊ុនសាងសង់ VINCI Construction Grands Projects និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន SAFEGE Consulting Engineers ក្រោមហិរញ្ញប្បទាន ១៩០លានដុល្លារ របស់ទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងធនាគារវិនិយោគអឺរ៉ុប ។

រោងចក្រនេះ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីសិក្សាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម)

- Video Advertisement -