ក្រុមហ៊ុនដឹកប្រេងរត់ស្នើដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការលើករណីបាត់ប្រេង ៣០ម៉ឺនបារ៉ែល
ក្រុមហ៊ុនម្ចាស់កប៉ាល់ដឹកប្រេងរត់ចេញពីកម្ពុជា World Tankers Management កំពុងព្យាយាមចង់ដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជុំរិញសំណុំរឿងលួចប្រេង ៣០ម៉ឺនបារ៉ែល ពីកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានដាក់ពាក្យបណ្តឹងជាផ្លូវការ។
ក្រុមហ៊ុនគ្រប់គ្រងកប៉ាល់នេះ បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធលើសំណុំរឿងនេះ។
យោងតាមសារព័ត៌មានខ្មែរថាមន៍ ដែលបានដកស្រង់សម្ដីពីតំណាងក្រុមហ៊ុនចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា នេះថា «បច្ចុប្បន្ននេះភាគីទាំងអស់កំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីធានាថា ស្ថានការណ៍នេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយយើងជឿជាក់នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះ»។
ជុំវិញបញ្ហានេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ថា ប្រេងដែលកប៉ាល់ MT Strovolos ដឹកចេញ ជាកម្មសិទ្ធរបស់កម្ពុជា។ ហើយការចាកចេញរបស់នាវា MT Strovolos គឺធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយពីសំណាក់អាជ្ញាធរកម្ពុជា ដែលផ្ទុយនឹងច្បាប់កម្ពុជា។ (អានបន្ថែម)
ក្រសួងក៏បានស្នើសុំជំនួយជាផ្លូវការ ពីរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ក្នុងការនាំខ្លួនជនល្មើស និងបក្ខពួក រួមទាំងប្រេងឆៅរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល មកវិញផងដែរ។

